អាម៉េរិក​បន្ថយពន្ធនាំចូលមកត្រឹម៣៦% ទៅលើគ្រប់ទំនិញដែលនាំចូលពីកម្ពុជា

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក The White House

ដោយ តុង ឆេងហុង និង រិន សុខបញ្ញា និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ថយ​អត្រា​ពន្ធនាំចូល​​មកនៅត្រឹម ៣៦ភាគរយ​ សម្រាប់ទំនិញគ្រប់​ប្រភេទដែលនាំចូលពីកម្ពុជា នៅ​ក្នុង​ការជូនដំណឹងចុងក្រោយដែល​អម​ជាមួយ​​ការ​ព្រមាន​ថា​លោក​នឹង​ដំឡើងពន្ធនេះកាន់តែខ្ពស់​ ប្រសិនបើ​កម្ពុជាហ៊ានធ្វើ​បដិការ​ដំឡើង​ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋ​អាម៉េរិកដែរ។

លោក ត្រាំ មាន​ប្រសាសន៍ដូច្នេះ​ នៅ​ក្នុង​លិខិតមួយ​ចុះ​ថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ​២០២៥​ ជូន​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។

គួររំឮកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លង​ទៅ​ លោក ត្រាំ បានដាក់​ពន្ធ ៤៩ភាគរយ ទៅលើគ្រប់ទំនិញកម្ពុជាដែលនាំចូលទៅអាម៉េរិក ដើម្បីឆ្លើយតបនឹងអ្វីដែល​លោក​ចាត់​ទុក​ថា​ជា​ការ​ចាញ់​ប្រៀប​ផ្នែក​​ពាណិជ្ជ​កម្ម​ដែល​សហរដ្ឋ​អាម៉េរិក​មាន នៅក្នុង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា។ 

ប៉ុន្តែក្រោយមក នៅថ្ងៃទី៩ ខែដដែល លោកបានប្រកាសពន្យាពេលអនុវត្តពន្ធនេះ ចំនួន៩០ថ្ងៃ ដើម្បីទុកពេលចចារ ដែល​នឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ​តទៅ។

លោក ​ត្រាំ​ សរសេរនៅក្នុងលិខិតនោះជូន​សម្តេច​ ហ៊ុន ម៉ាណែត ថា៖ បានបន្ថែមថា “អត្រា ៣៦ភាគរយ គឺនៅតិចជាងអ្វីដែលអាម៉េរិកត្រូវការ ដើម្បីលុបបំបាត់ភាពមិនស្មើគ្នានៃឱនភាពពាណិជ្ជកម្ម ដែលយើងមានជាមួយប្រទេសរបស់អ្នក”។ លោក​មាន​ប្រសាសន៍​បន្ថែមទៀត​ថា ប្រសិន​បើកម្ពុជាហ៊ាន​ដំឡើង​ពន្ធ​លើទំនិញ​នាំ​ចូល​ពី​សហរដ្ឋអាម៉េរិក នៅ​ក្នុង​អត្រា​ណាមួយ​ក៏ដោយ លោក​នឹង​ដំឡើង​ពន្ធ​ក្នុង​អត្រា​ស្មើគ្នា បន្ថែម​ពីលើ​អត្រា ៣៦​ភាគ​រយ​ ដែល​លោក​ទើប​នឹង​ដាក់ចេញថ្មីនេះ។

លោក ​​​ត្រាំ ​​​បានអះអាងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋ​អាម៉េរិក​ក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ទោះបីទំនាក់ទំនងបច្ចុប្បន្ននៅមានអតុល្យភាពនៅឡើយ ហើយ​ថា ទីក្រុង​វ៉ាស៊ីនតោននឹងពិចារណា​​កែប្រែ​អត្រា​ពន្ធ​នេះ  ប្រសិនបើកម្ពុជាបើកទីផ្សារ និងដករនាំងពាណិជ្ជកម្មរបស់​ខ្លួន​ចេញ។ 

លោក Arnaud Darc ដែលជា​សហប្រធាន​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង​ ជានាយកប្រតិបត្តិក្រុមហ៊ុន Thalias Co., Ltd. បានបង្ហោះសារលើទំព័រហ្វេសបុករបស់លោកជាភាសាអង់គ្លេសថា លិខិតនេះបានចេញខណៈពេលដែលកម្ពុជាកំពុង​ជួបប្រទះភាពតានតឹងផ្នែកសេដ្ឋកិច្ចស្រាប់ទៅហើយ​ ដូចជាការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់និង​ស្ថាន​ភាព​នៅ​ក្រោយ​ពេលមាន​ជំងឺរាតត្បាត ដែលធ្វើឱ្យមានភាពតានតឹងដល់វិស័យកាត់ដេរ និងផលិតកម្ម។

“ពេលនេះ អត្រាពន្ធ ៣៦ ភាគរយ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រោងចក្រដែលពឹងផ្អែកលើការ​បញ្ជាទិញ​ពីសហរដ្ឋ​អាម៉េរិក ដើម្បីរស់។” លោក Darc ​មាន​ប្រសាសន៍​ដូច្នេះ ហើយ​បន្ថែម​ថា៖ “កម្ពុជាគួរតែពន្លឿនការ​ធ្វើ​ពិពិធកម្ម​នៃ​ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ដោយពង្រឹងទំនាក់ទំនងជាមួយអាស៊ាន សហភាពអឺរ៉ុប ឥណ្ឌា និងសកលលោកខាងត្បូង ដើម្បីបន្ថយការពឹងផ្អែកតែទៅលើភាគីណាមួយ”៕

Leave a Comment

Your email address will not be published. Required fields are marked *