ផ្លូវថ្មើរជើងចតុមុខជាតំបន់គ្មានផ្សែងថ្នាំជក់នាចុងសប្តាហ៍

រូបភាពដោយ​ ជា​ សុខហេង

ដោយ វ៉ាត់ សុខហេង និង អ៊ឹង បញ្ញាពេជ្រ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ភ្នំពេញ — រដ្ឋបាល​រាជធានីភ្នំពេញបាន​ហាមការជក់បារី និង​ការ​បង្ហុយផ្សែងផលិតផល​ថ្នាំជក់​គ្រប់ប្រភេទ រួមទាំង​បារីអេឡិចត្រូនិច (e-cigarettes) និងស៊ីហ្សា (shisha) នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីការ​ពារ​សុខភាពរបស់សាធារណជន ក្នុងពេលដើរកម្សាន្តនៅ​ចុងសប្តាហ៍។ 

បម្រាមនេះ ដែលរដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​​ដាក់​ចេញ​នៅ​ក្នុង​សេចក្តីណែនាំមួយកាល​ពីថ្ងៃ​ទី៨ ខែ​សីហា ត្រូវ​ ​អនុវត្ត​ចាប់ពី​ម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទី រៀងរាល់ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ​នៅពេលផ្លូវនេះ លែង​ឱ្យ​មាន​យានយន្ត​ឆ្លងកាត់ ទុកសម្រាប់​អ្នក​ថ្មើរជើងដើរលំហែរ និង​ហាត់​ប្រាណ។

ការ​ជក់​បារី ឬ​បង្ហុយ​ផ្សែងផលិតផល​ថ្នាំជក់​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត​នៅ​ នៅ​លើ​បរិវេណ​ទីធ្លា តាម​ដង​ផ្លូវ លើសួន​ច្បារ​សាធារណៈ​រួម​ទាំង​ទីតាំង​ខាងមុខភោជនីយដ្ឋាន និង​ហាង​ទំនិញនានា នៅតាម​បណ្តាយផ្លូវថ្មើរជើងនេះ ដែល​មាន​ប្រវែងជិត ២គីឡូម៉ែត្រ។

សេចក្តីណែនាំ​បាន​បន្ថែមទៀត​ថា ម្ចាស់​អាជីវកម្ម ម្ចាស់​សេវាកម្មទេសចរណ៍ និង​អាជីវករ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ត្រូវ​បិទ​សញ្ញា​ហាម​ជក់​បារី ឬ​បង្ហុយផ្សែង​ផលិត​ផល​ថ្នាំជក់​ ឱ្យមើលឃើញ​ច្បាស់។ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​តាំង​បង្ហាញ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ និង​គ្រប់​ទម្រង់​ ក៏ត្រូវ​បាន​ហាម​ឃាត់​។​ ការប្រើប្រាស់ ការ​ចែកចាយ និង​ការ​ជួញដូរ​ឧបករណ៍អេឡិចត្រូនិច​សម្រាប់​ជក់​គ្រប់​ប្រភេទ​ ដូច​ជាបារីអេឡិចត្រូនិច ឬ​ វេប ផលិតផលអេចធីភី (HTP) និង ស៊ីហ្សា (shisha) ក៏មិន​ត្រូវ​ឱ្យ​មាន​ដែរ។

សេចក្តីណែនាំមិន​បញ្ជាក់​លម្អិត​អំពីការ​ពង្រឹង​ការ​អនុវត្ត​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាពាក់​ព័ន្ធ ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទនៅលើ​ដងផ្លូវនេះ និង​សាធារណជន ចូលរួមអនុវត្ត​បម្រាម​នេះ ដើម្បី «រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ធកិច្ចសង្គម និងបរិស្ថាន ដែល​កើតឡើង​ពីផ្សែងបារី ឬផលិតផល​ថ្នាំជក់»។

ផ្លូវថ្មើជើងចតុមុខ ដែលចាប់ដំណើរការតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ក្លាយ​ជា​ទីធ្លា​សាធារណៈ និង​គោលដៅកម្សាន្ត​ពេល​រាត្រី​មួយកំពុង​ពេញ​និយម​សម្រាប់​មហា​ជនទូទៅ នៅ​ក្នុង​រាជធានីភ្នំពេញ​ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ​ជា​ ២,៥លាន​នាក់។

Leave a Comment

Your email address will not be published. Required fields are marked *