កសិករធ្វើស្រែរងគ្រោះទ្វេដង ពីវិបត្តិសាំងឡើងថ្លៃ និងតម្លៃស្រូវចុះថោក 

លោកពូ សុផល អាយុ ៤២ ឆ្នាំ កំពុងបាចជីក្នុងស្រែរបស់គាត់​ នៅក្នុងភូមិព្រៃវែង ស្រុកពួក ខេត្តសៀមរាប ថ្ងៃទី​ ២១ ខែ ​​មិថុនា ឆ្នាំ ២០២៦។
រូបថតដោយ រស់ ម៉ីស៊ីញ

ដោយ រស់ ម៉ីស៊ីញ និង ចិន ម៉ីម៉ី 

សៀមរាប រដូវធ្វើស្រែបាន​មកដល់ ហើយមីងដូងបានសាបព្រោះស្រូវលើដី ២ ហិកតារួចរាល់ហើយដែរ។ ប៉ុន្តែ ខុសពីរដូវកាលមុនៗ ការចាប់ផ្តើមរដូវដាំដុះឆ្នាំនេះ មិនបាននាំមកនូវក្តីសង្ឃឹមដូចមុនទៀតទេ។ អ្វីដែលគាត់គិតគូររាល់ថ្ងៃ គឺនៅពេលប្រមូលផល តើនឹងមានប្រាក់សល់សម្រាប់សងបំណុលដែរឬទេ។  

«យើងចេះតែធ្វើតិចៗទៅ បើយើងមានស្រែហើយទុកចោលវាមិនកើតទេ។ គ្រាន់តែឥឡូវធ្វើមិនបានសល់ដូចពីមុន» – មីងដូង អាយុ ៤២​ឆ្នាំ មាន​ប្រសាសន៍ដូច្នេះ។ 

រៀងរាល់ព្រឹក បន្ទាប់ពីលក់បបររួច គាត់មិនបានសម្រាកឡើយ។ គាត់បន្តជិះម៉ូតូដើរទិញអេតចាយតាមភូមិ ដើម្បីយកទៅលក់រកចំណូលបន្ថែម ព្រោះការធ្វើស្រែមួយមុខ មិនអាចទ្រទ្រង់ជីវភាពគ្រួសារបានដូចកាលពីមុនទៀតឡើយ។  

មីងដូងមិនមែនជាកសិករតែម្នាក់ដែលកំពុងប្រឈមនឹងបញ្ហានេះទេ។ សម្រាប់កសិករជាច្រើននៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ការធ្វើស្រែកំពុងក្លាយជាការប្រថុយមួយ។ ខណៈតម្លៃស្រូវធ្លាក់ចុះ ថ្លៃប្រេងឥន្ធនៈ ជី ថ្នាំកសិកម្ម និងថ្លៃសេវាកម្មកសិកម្មបន្តកើនឡើង បានធ្វើឱ្យប្រាក់ចំណេញស្ទើរតែបាត់បង់ទាំងស្រុង។ អ្នកខ្លះកាត់បន្ថយផ្ទៃដីដាំដុះ អ្នកខ្លះជំពាក់បំណុលកាន់តែច្រើន ហើយអ្នកខ្លះបន្តធ្វើស្រែត្រឹមដើម្បីមានស្រូវទុកហូប។  

វិបត្តិនេះបានចាប់ផ្តើមធ្ងន់ធ្ងរឡើង បន្ទាប់ពីតម្លៃប្រេងឥន្ធនៈហក់ឡើងភ្លាមដោយសារជម្លោះនៅមជ្ឈិមបូព៉ា។ ការកើនឡើងនៃថ្លៃប្រេងម៉ាស៊ូត ដែលកសិករប្រើសម្រាប់ម៉ាស៊ីនភ្ជួរ រាស់ បូមទឹក និងច្រូតស្រូវ បានជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើងយ៉ាងខ្លាំង។ ទោះបីតម្លៃប្រេងបានធ្លាក់ចុះខ្លះនៅពេលក្រោយក៏ដោយ សម្ពាធលើកសិករនៅតែមានដដែល ព្រោះការចំណាយភាគច្រើនមិនបានធ្លាក់តាមនោះឡើយ។  

សម្រាប់មីងដូង ការកើនឡើងនៃថ្លៃដើមផលិតកម្មមានន័យថា ប្រាក់ចំណេញដែលធ្លាប់មានស្ទើរតែបាត់អស់។ 

មីងមានប្រសាសន៍ថា៖ «កាលមុនធ្វើស្រូវកើត ទូទាត់សងគេអស់នៅសល់លុយគ្រាន់ដែរ។ តែឥឡូវបានត្រឹមរួចខ្លួន បើទូទាត់ទៅសល់លុយតែ ៥០០ ០០០ ទៅ ៦០០ ០០០រៀល និងសល់តែស្រូវទុកហូបប៉ុណ្ណោះ»។  

គាត់រៀបរាប់ថា កាលមុន ការធ្វើស្រែលើដី ២ ហិកតា អាចសល់ប្រាក់ប្រមាណ ២ លានរៀលក្នុងមួយរដូវ។ ប៉ុន្តែពេលនេះ ការចំណាយកើនឡើងស្ទើរគ្រប់ដំណាក់កាល ចាប់ពីថ្លៃសាបព្រោះ ថ្លៃភ្ជួរ រហូតដល់ថ្លៃថ្នាំបាញ់សត្វល្អិត។ 

មីងដូងនិយាយ​ថា៖ «សូម្បីព្រោះស្រូវក៏ជួលគេដែរ មួយស្រែ ៣០ ០០០រៀល។ ថ្លៃភ្ជួរពីមុន ១៥០ ០០០រៀលក្នុងមួយហិកតា ឥឡូវឡើងដល់ ២១០ ០០០រៀល។ ថ្នាំបាញ់ដង្កូវក៏ឡើងដល់ ១០០​ ០០០រៀល ក្នុងមួយដប ហើយត្រូវបាញ់ពីរទៅបីដង ទម្រាំស្រូវទុំ»។  

បញ្ហានេះមិនប៉ះពាល់ត្រឹមគ្រួសាររបស់មីងដូងប៉ុណ្ណោះទេ។ លោក ឡុង សេរីរឹទ្ធ ប្រធានភូមិព្រៃវែង មានប្រសាសន៍ថា ប្រមាណ ៨០ ភាគរយ នៃប្រជាជនក្នុងភូមិប្រកបរបរកសិកម្ម។ ក្នុងចំណោមគ្រួសារប្រមាណ ២០០ គ្រួសារ មានអ្នកខ្លះធ្វើស្រែលើដីផ្ទាល់ខ្លួន ខណៈអ្នកខ្លះទៀតត្រូវជួលដីក្នុងតម្លៃពី ១២០ ទៅ ២០០ ដុល្លារអាម៉េរិកក្នុងមួយហិកតា។  

លោកសង្កេតឃើញថា ទោះការធ្វើស្រែកាន់តែលំបាក កសិករភាគច្រើននៅតែបន្តដាំដុះ ព្រោះពួកគេមិនមានមុខរបរផ្សេងជំនួស។ លោកមេភូមិ​មាន​ប្រសាសន៍ថា៖ «អ្នកធ្វើស្រែគឺនៅតែធ្វើ។ អ្នកជួលដីខ្លះអាចកាត់បន្ថយផ្ទៃដី ព្រោះថ្លៃជួលថ្លៃជាងមុន ប៉ុន្តែអ្នកភូមិស្ទើរតែគ្មានអ្នកណាបោះបង់ការធ្វើស្រែទេ»។  

លោកបារម្ភថា បញ្ហានេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ភូមិទាំងមូល ព្រោះភូមិព្រៃវែងពឹងផ្អែកស្ទើរទាំងស្រុងលើការដាំស្រូវ។ ទន្ទឹមនឹងនេះ តម្លៃស្រូវនៅទីផ្សារក៏មិនអាចទូទាត់ការកើនឡើងនៃថ្លៃដើមផលិតកម្មបានដែរ។ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ស្រូវប្រភេទ OM នៅស្រុកពួកមានតម្លៃត្រឹម ៦៦០–៦៨០ រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវស្រង៉ែមានតម្លៃ ៧៤០–៧៥០ រៀលប៉ុណ្ណោះ។  

តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីការខាតបង់ដែលលោក អ៊ុំ យន់ អាយុ ៥៨ ឆ្នាំ បានជួបប្រទះ។ កាលពីរដូវប្រាំងកន្លងទៅ លោកខាតប្រាក់ប្រមាណ ៥ ០០០ ដុល្លារអាម៉េរិក លើផ្ទៃដី ៣០ ហិកតា បន្ទាប់ពីចំណាយយ៉ាងច្រើនទៅលើជី ថ្នាំ បូមទឹក ថ្លៃច្រូត និងថ្លៃភ្ជួរ ខណៈស្រូវលក់បានត្រឹម ៥០០ ទៅ ៦០០ រៀលក្នុងមួយគីឡូក្រាម។  

កសិករម្នាក់កំពុងបាញ់ថ្នាំសម្លាប់សត្វល្អិតលើស្រូវព្រោះ ក្នុង​ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី​ ២១ ខែ ​​មិថុនា ឆ្នាំ ២០២៦។
រូបភាពដោយ រស់ ម៉ីស៊ីញ

លោក អ៊ុំ យន់ មាន​ប្រសាសន៍ថា៖ «ខ្ញុំ​លក់បានស្រូវជាង ៣០ តោន តែគ្មានបានប្រាក់អីទេ។ ចំណាយអស់លើជី ថ្នាំ បូមទឹក ថ្លៃច្រូត និងថ្លៃភ្ជួរ។ រដូវវស្សានេះ អ៊ុំនៅតែធ្វើដដែល ព្រោះអត់ដឹងទៅធ្វើអី។ បើនៅតែខាតទៀត មានតែឈប់ធ្វើ ហើយធ្វើត្រឹមមួយហូប ចិញ្ចឹមគោក្របីវិញ»។  

ផ្ទុយពីលោកអ៊ុំ យន់ ដែលនៅតែសម្រេចចិត្តបន្តធ្វើស្រែទាំងប្រឈមនឹងការខាតបង់ មីង ហាប់ អាយុ ៣៩ ឆ្នាំ បានជ្រើសរើសដកថយមួយជំហាន ដើម្បីកាត់បន្ថយហានិភ័យ។ ពីមុន គ្រួសារគាត់ជួលដីធ្វើស្រែ ៣០ ហិកតា ប៉ុន្តែឆ្នាំនេះបានសម្រេចចិត្តបន្ថយមកនៅត្រឹម ២០ ហិកតា ព្រោះការចំណាយកើនឡើងស្ទើរទ្វេដង។  

ខណៈឆ្នាំងសម្លលើចង្ក្រានអុសកំពុងពុះ មីងហាប់បង់ជីមួយក្តាប់ចូលឆ្នាំងផង ស្រែកហៅកូនទាំងបីនាក់ផង ហើយរៀបរាប់ដោយទឹកមុខស្រពាប់ស្រពោនថា គ្រួសាររបស់គាត់នៅជំពាក់ធនាគារប្រមាណ ២៥ ០០០ ដុល្លារអាម៉េរិក ដែលខ្ចីមកវិនិយោគលើការធ្វើស្រែ។ ការខាតបង់ជាប់ៗគ្នារយៈពេលពីរបីឆ្នាំ បានធ្វើឱ្យជីវភាពគ្រួសារធ្លាក់ចុះ រហូតកូនប្រុសអាយុ ១៥ ឆ្នាំម្នាក់ ត្រូវឈប់រៀនតាំងពីថ្នាក់ទី៦ ដើម្បីមកជួយឪពុកម្តាយធ្វើស្រែ ខណៈប្ដីរបស់គាត់ត្រូវឆ្លៀតទៅស៊ីឈ្នួលភ្ជួរ និងច្រូតស្រូវឱ្យអ្នកដទៃ ដើម្បីរកចំណូលបន្ថែម។  

មីង​ ហាប់​ មាន​ប្រសាសន៍ថា៖ «និយាយទៅអត់មានប្រាក់ចំណូលអីបង់ធនាគារឱ្យទាន់ វាស្ទះ ព្រោះយើងត្រូវការបង់ឱ្យគេរាល់ខែ យើងជំពាក់គេមករកស៊ី។ អ្នកស្រែគ្មានអ្វីសប្បាយចិត្តជាងស្រូវឡើងថ្លៃទេ»។  

មិនមែនកសិករគ្រប់គ្នាសុទ្ធតែជ្រើសរើសដកថយនោះទេ។ សម្រាប់ពូ សុផល អាយុ ៤២ ឆ្នាំ ការបន្តធ្វើស្រែ គឺជាជម្រើសតែមួយដែលនៅសល់។ 

នៅកណ្ដាលថ្ងៃត្រង់ដ៏ក្ដៅហែង ពូសុផលដើរជើងទទេរបាចជីក្នុងស្រែ ៩ ហិកតារបស់ខ្លួន។ ក្នុងនោះ ៥ ហិកតាជាដីជួល ដែលគាត់បង់ថ្លៃជួល ១៥០ ដុល្លារអាម៉េរិកក្នុងមួយហិកតា។ រដូវប្រមូលផលកន្លងទៅ គាត់មិនបានចំណេញច្រើនទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏មិនខាតដើម ហើយអាចសងបំណុលបានមួយផ្នែក។  

ទោះបីតម្លៃស្រូវនៅតែទាប កសិករដែលប្រកបរបរនេះអស់រយៈពេល ២៥ ឆ្នាំរូបនេះ មិនទាន់គិតពីការបោះបង់ឡើយ ដោយគាត់និយាយថា៖ «ពូនៅតែបន្តធ្វើ ព្រោះយើងអត់មានមុខរបរអីក្រៅពីធ្វើស្រែ»។  

ចំណែកពូ ឆៃ អាយុ ៤០ ឆ្នាំ បានព្យាយាមបែងចែកប្រភពចំណូលរបស់គ្រួសារ។ ក្រៅពីធ្វើស្រែលើដីផ្ទាល់ខ្លួន ១ ហិកតា គាត់នៅចិញ្ចឹមគោក្របី និងឆ្លៀតធ្វើកម្មករឈើ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃសិក្សាឱ្យកូន។ គាត់រំឭកថា អំឡុងពេលប្រេងម៉ាស៊ូតឡើងថ្លៃខ្លាំង ក្តីបារម្ភធំបំផុតរបស់គាត់ គឺខ្លាចគ្មានលទ្ធភាពទិញប្រេងសម្រាប់ម៉ាស៊ីនបូមទឹក ដែលជាកត្តាចាំបាច់សម្រាប់ការធ្វើស្រែប្រាំង។ សម្រាប់ពូឆៃ ស្រូវមិនមែនគ្រាន់តែជាដំណាំសម្រាប់លក់ប៉ុណ្ណោះទេ ប៉ុន្តែជាស្បៀងដែលធានាថា គ្រួសារនឹងមានអង្ករហូបទោះបីទីផ្សារប្រែប្រួលយ៉ាងណាក៏ដោយ។ 

ពូមាន​ប្រសាសន៍ថា៖ «យើងសុខចិត្តចំណាយដើមទុនធ្វើ គ្រាន់បានស្រូវទុកហូប កុំឱ្យទិញគេនាំពិបាក»។  

ទិន្នន័យអំពីតម្លៃប្រេងឥន្ធនៈបង្ហាញថា គិតត្រឹមពាក់កណ្ដាលខែកក្កដា តម្លៃសាំងបានធ្លាក់មកនៅត្រឹម ៣ ៩០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៤ ៣០០ រៀលក្នុងមួយលីត្រ។ ប៉ុន្តែការធ្លាក់ចុះនេះមានរយៈពេលខ្លីប៉ុណ្ណោះ ដោយនៅថ្ងៃទី២២ ខែកក្កដា តម្លៃសាំងបានឡើងដល់ ៤ ៣០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៤ ៩៥០ រៀលក្នុងមួយលីត្រវិញ។ សម្រាប់កសិករ ការប្រែប្រួលបែបនេះមានន័យថា ថ្លៃដើមផលិតកម្មនៅតែមិនអាចព្យាករបាន ខណៈតម្លៃស្រូវនៅតែទាបដដែល។  

សម្រាប់កសិករនៅភូមិព្រៃវែង ការធ្វើស្រែសព្វថ្ងៃប្រៀបដូចជាការផ្សងព្រេង។ អ្វីដែលពួកគេសង្ឃឹម គឺថ្ងៃណាមួយ តម្លៃស្រូវនឹងអាចឡើងដល់ប្រមាណ ៨០០ ទៅ ១ ០០០ រៀលក្នុងមួយគីឡូក្រាម ដែលជាកម្រិតមួយអាចឱ្យពួកគេទូទាត់ថ្លៃដើម សងបំណុល និងនៅសល់ប្រាក់ខ្លះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។  

Leave a Comment

Your email address will not be published. Required fields are marked *