នៅក្នុងពេលមួយពព្រិចភ្នែក ទំព័រជីវិតជាសិស្សវិទ្យាល័យត្រូវបានបិទបញ្ចប់ស្របពេលជាមួយនឹងដំណាច់ឆ្នាំ២០២១ដែរ។ នៅកំឡុងពេលនេះ សិស្សខ្លះបានត្រៀមគោលដៅបន្តក្រោយចប់វិទ្យាល័យរួចរាល់ ប៉ុន្តែក៏មានសិស្សមួយចំនួនដែលមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅកណ្តាលសមុទ្រគ្មានកោះត្រើយ មិនដឹងថាគួរជ្រើសរើសផ្លូវណាបន្ត ឬគួររើសជំនាញសិក្សាអ្វីនៅសាកលវិទ្យាល័យ ដែលធ្វើឲ្យពួកគេធ្វើការសម្រេចចិត្តស្វែងពិភាក្សាជាមួយអ្នកនៅជុំវិញខ្លួន។
យ៉ាងណាមិញ មិនថាអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញសិក្សាមួយណានោះទេ ការសម្រេចចិត្តរបស់អ្នកអាចនឹងទទួលរងនូវឥទ្ធិពលពីតក្តាផ្សេងៗ ដែលធ្វើឲ្យអ្នកសម្រេចចិត្តមិនបានត្រឹមត្រូវ។ ដើម្បីជួយអ្នកក្នុងការកាត់បន្ថយឥទ្ធិពលនៃកត្តាផ្សេងៗមកលើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់អ្នក ខ្ញុំសូមលើយកកត្តាចំនួន៣មកនិយាយ៖
១. ក្រុមគ្រួសារ
យោងតាមការសិក្សាមួយបានបង្ហាញថា ឪពុកម្តាយ ឬអាណាព្យាបាលមានឥទ្ធិពលជាច្រើនទៅលើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សារបស់កូន។ ដោយហេតុថា មនុស្សម្នាក់ៗបានធំដឹងក្តីជាមួយការចិញ្ចឹមបីបាច់របស់ឪពុកម្តាយនិងអាណាព្យាបាល ការគិតរបស់ពួកគេក៏នឹងបត់បែនទៅតាម កម្រិតអប់រំ ផ្នត់គំនិត និងការរំពឹងទុករបស់អ្នកដែលបានទំនុកបម្រុងខ្លួនផងដែរ។ វានឹងជារឿងល្អមួយប្រសិនបើមុខជំនាញដែលអ្នកស្រឡាញ់ ស្របទៅនឹងជំនាញដែលឪពុកម្តាយរបស់អ្នកចង់ឲ្យរៀន ក៏ប៉ុន្តែប្រសិនបើអ្នកពេញចិត្តលើមុខជំនាញដែលឪពុកម្តាយមិនចង់ឲ្យរៀន នោះអ្នកនឹងមានការលំបាកក្នុងការសម្រេចចិត្ត។
២. មិត្តភក្តិ និងមនុស្សជុំវិញខ្លួន
ជាធម្មតា សិស្ស/និស្សិតតែងតែសួរគ្នាទៅវិញទៅមកអំពីមុខជំនាញដែលមិត្តភក្តិរបស់គេនឹងបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ហើយជារឿយៗពួកគេបានសម្រេចចិត្តរៀនមុខជំនាញដូចគ្នាដើម្បីបានរៀនជាមួយគ្នាបន្តនៅសាកលវិទ្យាល័យ។
៣. សង្គម
បរិបទនៅក្នុងសង្គមដូចជាការឲ្យតម្លៃទៅលើអាជីពមួយជាងអាជីពផ្សេង និងកត្តាផ្សេងៗជាច្រើនដូចជាផ្នត់គំនិតរបស់សង្គមទៅលើ ភេទ ជនជាតិ សាសនា វប្បធម៌ សុទ្ធសឹងតែជាជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់មនុស្ស។ ប្រសិនបើអ្នកមានបំណងបន្តមុខជំនាញថ្មីៗដែលគេពុំសូវស្គាល់ នោះអ្នកអាចនឹងត្រូវបានគេបញ្ចុះបញ្ចូលឲ្យចាប់យកជំនាញដែលពេញនិយមដូចជា វិជ្ជសាស្ត្រ វិស្វកម្ម ឬជំនាញច្បាប់ជាដើម។ ជាចុងបញ្ចប់នៃអត្ថបទនេះ ខ្ញុំសូមដកស្រង់ឃ្លាមួយចេញពីសៀវភៅ “If I stay” ដែលនិយាយថា “ពេលខ្លះអ្នកធ្វើការសម្រេចចិត្តក្នុងជីវិត ហើយពេលខ្លះទៀតជម្រើសទាំងនោះជាអ្នកដែលសម្រេចជីវិតរបស់អ្នកវិញ” (Sometimes you make choice in life, and sometimes choice make you)។ ផ្លូវជីវិតរបស់យើងរាល់គ្នាកើតចេញពីការសម្រេចចិត្តនានា ក្នុងពេលកន្លងមក។ មានពេលខ្លះ យើងពុំបានខ្វល់ពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់ខ្លួនឯងទាល់តែសោះ ហើយពេលខ្លះទៀតយើងបែរជាខ្វាយខ្វល់ជ្រុលទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកសម្រេចជ្រើសរើសជំនាញអ្វី ឬមានភាពស្តាយក្រោយចំពោះការសម្រេចចិត្តរបស់ខ្លួនឬអត់ទេ ខ្ញុំសូមជូនពរឲ្យការសម្រេចចិត្តរបស់អ្នក នឹងជួយនាំអ្នកដើរលើផ្លូវជីវិតដែលខ្លួនប្រាថ្នាចង់បាន។
1 thought on “កត្តាសំខាន់ៗដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ”
I need to to thank you for this good read!! I certainly loved every bit of it. I have you bookmarked to check out new stuff you postÖ