ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ហើយ មានប្អូនៗសិស្សានុសិស្សខ្លះសម្រេចចិត្តថានឹងចាប់ផ្តើមរកស៊ី ឬប្រកបអាជីពផ្សេង ហើយប្អូនៗខ្លះទៀតកំពុងតែស្វែងរកព័ត៌មានអំពីមុខជំនាញសិក្សានៅឯសាកលវិទ្យាល័យ។ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងដំណាក់កាលស្វែងរកជំនាញសិក្សា សូមចងចាំថាការរើសជំនាញសិក្សាមួយដែលត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នា។
ខាងក្រោមនេះជាសារៈសំខាន់ធំៗទាំង៤ដែលអ្នកទទួលបាននៅពេលដែលអ្នកជ្រើសរើសជំនាញសិក្សាត្រឹមត្រូវ៖
១. ជួយសន្សំសំចៃពេលវេលា
ការស្គាល់ច្បាស់ពីមុខជំនាញដែលខ្លួនចង់សិក្សា អាចជួយឲ្យអ្នកចំណេញពេលវេលាក្នុងការស្វែងរក និងជ្រើសរើសសាកលវិទ្យាល័យដែលសាកសមសម្រាប់អ្នក។ ម៉្យាងវិញទៀត អ្នកក៏មិនចាំបាច់ចំណាយពេលវេលាក្នុងស្វែងរកមើលជំនាញក្រោយពេលប្រឡងចប់។ លើសពីនេះទៅទៀត មានសិស្សជាច្រើនដែលពុំបានជ្រើសរើសជំនាញសិក្សាដែលខ្លួនឯងស្រឡាញ់ ធ្វើឲ្យពួកគេជ្រើសរើសបោះបង់ចោលការសិក្សា និងត្រូវរង់ចាំជិតមួយឆ្នាំទម្រាំតែបានផ្លាស់ប្តូរទៅសិក្សាជំនាញផ្សេងដែលខ្លួនចូលចិត្តវិញ។
២. ជួយដល់អ្នកក្នុងការត្រៀមខ្លួនទទួលបានអាហារូបករណ៍
ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យទាំងរដ្ឋនិងឯកជនតែងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងលើជំនាញសិក្សាផ្សេងៗគ្នាដល់សិស្សានុសិស្សដែលទើបប្រឡងចប់ថ្នាក់ទី១២ អញ្ចឹងហើយប្រសិនបើអ្នកដឹងពីជំនាញដែលខ្លួនចូលចិត្ត អ្នកអាចត្រៀមខ្លួនសម្រាប់ដាក់ពាក្យ ឬប្រឡងយកអាហារូបករណ៍នៃជំនាញដែលខ្លូនចង់រៀន ដោយវានឹងជួយឲ្យអ្នកអាចរៀនទាំងជំនាញដែលខ្លួនស្រឡាញ់ផង និងចំណេញថវិកាផងដែរ។
៣. ជៀសវាងភាពតានតឹងអារម្មណ៍ខ្លាំងក្នុងពេលរៀន
ជាធម្មតា ការសិក្សាមុខជំនាញមួយណាក៏តែងមានពេលវេលាដែលធ្វើឲ្យមានការតានតឹងអារម្មណ៍ដែរ ប៉ុន្តែប្រសិនបើយើងសិក្សានូវជំនាញដែលជាចំណូលចិត្តរបស់ខ្លួនឯង នោះបើទោះបីជាការរៀនមានភាពលំបាក ក៏យើងមានទឹកចិត្តនៅក្នុងការប្រឹងប្រែងរៀនផងដែរ។
៤. ជួយដល់ការចាប់យកឱកាសការងារនៅ ពេលអនាគតរបស់អ្នក
នៅពេលដែលអ្នកបានជ្រើសរើសមុខជំនាញសិក្សាដែលសាកសមសម្រាប់ខ្លួនឯងហើយ វានឹងជួយអ្នកក្នុងការត្រៀមខ្លួនចាប់យកឱកាសផ្សេងៗសម្រាប់អនាគតការងាររបស់អ្នក ដូចជាការចូលហាត់ការលើជំនាញដែលទាក់ទងនឹងអាជីពរបស់ខ្លួនចង់ប្រកប ការត្រៀមខ្លួនសម្រាប់ជាមុនដើម្បីចូលធ្វើការនៅក្នុងក្រុមហ៊ុនដែលខ្លួនស្រឡាញ់ចូលចិត្តជាដើម។ ម្យ៉ាងវិញទៀត ការត្រៀមខ្លួនជាមុនរួចជាស្រេចនឹងជួយអ្នកក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ដែលនឹងផ្តល់ឲ្យអ្នកនូវប្រាក់ខែខ្ពស់ជាងអ្នកដទៃ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកពុំបានរើសមុខជំនាញដែលខ្លួនស្រឡាញ់ក្រោយពេលបញ្ចប់ការសិក្សា ក៏មិនមែនមានន័យថាអ្នកខកខានអនាគតរបស់ខ្លួននោះដែរ។ សូមអ្នកចងចាំថា ការចាប់ផ្តើមសិក្សា ឬធ្វើការងារដែលខ្លួនស្រឡាញ់នៅពេលណាមួយក្នុងជីវិតក៏មិនយឺតពេលនោះដែរ ឳកាសតែងតែកើតមានចំពោះអ្នកដែលស្វែងរកជានិច្ច។