បណ្ណាល័យទន្ទឹងមើលផ្លូវក្មេងមកអានសៀវភៅ 

លោកយាយ ពេជ្រ ព្រឿង កំពុងពិនិត្យមើលអក្ខរាវិរុទ្ធខ្មែរនៃសៀវភៅរឿងនិទានមួយ​ដែលគាត់ទើបនឹងបកប្រែរួចពីភាសាបារាំង នៅក្នុងបណ្ណាល័យ Open Book នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
រូបថតដោយ៖ រ៉ូ នីកា

ដោយ អាន ស្រីនូ និង រ៉ូ នីកា 

ភ្នំពេញ — នៅពេលរសៀលរៀងរាល់ថ្ងៃព្រហស្បតិ៍ លោកយាយ ពេជ្រ ព្រឿង អាយុ ៨២ ឆ្នាំ តែងតែមកបណ្ណាល័យ Open Book ដូចទម្លាប់។ លោកយាយរៀបសៀវភៅរឿងនិទានដាក់លើតុ អង្គុយនៅកន្លែងដដែល ហើយម្ដងម្កាលសម្លឹងទៅរកមាត់ទ្វារ ជាមួយ​នឹង​ក្តី​សង្ឃឹមថាក្មេងៗនឹងមកស្តាប់គាត់និទានរឿងដូចសព្វមួយដង។ 

ប៉ុន្តែ ជារៀងរាល់សប្ដាហ៍ កៅអីតូចៗដែលធ្លាប់មានក្មេងអង្គុយ ពេលនេះនៅទំនេរ ហើយ​សៀវភៅរឿងដែលលោកយាយបានត្រៀមនៅតែបិទស្ងៀម ព្រោះ​គ្មានក្មេងមកទីនេះទៀតទេ។ 

សម្រាប់លោកយាយ ពេជ្រ ព្រឿង ដែលបានចំណាយពេលជាងបីទសវត្សរ៍សរសេរ បកប្រែ និងនិទានរឿងឱ្យកុមារខ្មែរ ភាពស្ងប់ស្ងាត់នេះមិនមែនគ្រាន់តែជាការខកចិត្តសម្រាប់​គាត់ឡើយ។ វាជាសញ្ញាបង្ហាញពីការប្រែប្រួលដ៏ធំមួយ៖ កុមារកម្ពុជាកំពុងចំណាយពេលជាមួយអេក្រង់ទូរសព្ទកាន់តែច្រើន ខណៈការមកបណ្ណាល័យ និងការអានសៀវភៅរឿងកាន់តែថយចុះ។ 

រឿងរបស់លោកយាយឆ្លុះបញ្ចាំងពីបញ្ហាដែលអ្នកអប់រំ បណ្ណារក្ស និងអ្នកជំរុញការអានកំពុងព្រួយបារម្ភ។ ទោះបីកម្ពុជាមានទិវាជាតិអំណាន និងពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំក៏ដោយ ការបណ្ដុះទម្លាប់អានក្រៅថ្នាក់រៀននៅតែជាបញ្ហាប្រឈម។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍ឌីជីថល នៅក្នុងសម័យក្រោយ​ជំងឺរាតត្បាតកូវីដ-១៩ កំពុងធ្វើឱ្យបណ្ណាល័យមួយនេះ​ដែលធ្លាប់មានសំឡេងសើចរបស់កុមារ កាន់តែស្ងប់ស្ងាត់។ 

យ៉ាងណាក៏ដោយ លោកយាយ ពេជ្រ ព្រឿង នៅតែមក បណ្ណាល័យ Open Book ជា​ទៀងទាត់។ 

មុនពេលក្លាយជាអ្នកស្ម័គ្រចិត្តនៅទីនោះ លោកយាយ បានចំណាយពេលពេញមួយជីវិតជាមួយការអប់រំ និងសៀវភៅកុមារ។ 

កើតនៅឆ្នាំ ១៩៤៤ លោកយាយស្រឡាញ់ការអានតាំងពីកុមារភាព។ លោកយាយអានទាំងសៀវភៅភាសាខ្មែរ និងបារាំង មុននឹងចាប់អាជីពជាគ្រូបង្រៀននៅសាលាបឋមសិក្សាតានី ខេត្តកំពត ក្នុងឆ្នាំ ១៩៦៧។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម លោកយាយបានបន្តការងារក្នុងវិស័យអប់រំ ជានាយិកាសាលាបឋមសិក្សា និងមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រហូតដល់ចូលនិវត្តន៍។ 

នៅឆ្នាំ ១៩៩១ ខណៈសៀវភៅរឿងនិទានជាភាសាខ្មែរសម្រាប់កុមារនៅមានតិច លោកយាយបានចាប់ផ្ដើមបកប្រែរឿងនិទានពីភាសាបារាំង។ 

លោកយាយ​រឭកដូច្នេះថា៖ «កាលនោះ សៀវភៅសម្រាប់កុមារជាភាសាខ្មែរមិនសូវមានទេ។ ភាគច្រើនមានតែសៀវភៅសិក្សា។ ខ្ញុំចង់ឱ្យក្មេងៗសប្បាយរីករាយក្នុងការអាន ហើយមានការស្រមើស្រមៃ»។ 

ប្រាំឆ្នាំក្រោយមក លោកយាយបានបោះពុម្ពសៀវភៅរឿងនិទានជាភាសាខ្មែររបស់ខ្លួនជា​លើកដំបូង ដែល​មានឈ្មោះថា​ «យើងអានរឿងខ្លីៗ»។ ក្រោយមក លោកយាយ និងមិត្តរួមការងារបានបង្កើតអង្គការដំរីស ដែលបានបោះពុម្ពសៀវភៅកុមារជាង ៤៤ ចំណងជើង និងនាំសៀវភៅទៅដល់កុមាររាប់ពាន់នាក់នៅទូទាំងប្រទេស។ 

ក្រៅពីការសរសេរ លោកយាយក៏ជាអ្នកនិទានរឿងនៅបណ្ណាល័យ មជ្ឈមណ្ឌលភាសាបារាំង និងសាលារៀនជាច្រើន ផងដែរ​។ សម្រាប់លោកយាយ ការនិទានរឿងគឺជាវិធីបណ្ដុះសេចក្ដីស្រឡាញ់ចំពោះការអាន។ លោកយាយពោលថា៖ «ខ្ញុំស្រឡាញ់ការងារនេះខ្លាំងណាស់»។ 

ប៉ុន្តែបញ្ហាសុខភាពបានធ្វើឱ្យលោកយាយផ្អាកការងារនិទានរឿងអស់ជាងមួយទសវត្សរ៍។ 

អ្នកស្រី សាន សុផល បណ្ណារក្ស កំពុងអានសៀវភៅនៅក្នុងបណ្ណាល័យ Open Book នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦។
រូបថតដោយ៖ អាន ស្រីនូ

នៅឆ្នាំ ២០២៥ បន្ទាប់ពីសុខភាពបានប្រសើរឡើង និងទទួលបានការលើកទឹកចិត្តពីអ្នកស្រី Catherine Cousins ដែល​ជាស្ថាបនិកបណ្ណាល័យ Open Book, លោកយាយបានត្រឡប់មកវិញ ដោយសង្ឃឹមថានឹងបានឃើញក្មេងៗដូចកាលពីមុន។ 

ប៉ុន្តែអ្វីដែលរង់ចាំលោកយាយ គឺភាពស្ងប់ស្ងាត់នៅបណ្ណាល័យ។ 

បើកដំណើរការនៅឆ្នាំ២០០២ Open Book ជាបណ្ណាល័យ​អង្គការក្រៅរដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់កន្លែងអានសៀវភៅដោយឥតគិតថ្លៃដល់សាធារណជន។ នៅលើធ្នើមានសៀវភៅជាច្រើនភាសា រួមទាំងរឿងនិទាន ប្រលោមលោក និងសៀវភៅចំណេះដឹងទូទៅ។ 

បណ្ណាល័យដែលបាត់បង់សំឡេងសើច 

អ្នកស្រី សាន សុផល បណ្ណារក្ស ​បានឃើញថា​មាន​ការផ្លាស់ប្ដូរខ្លាំង​ ចាប់​តាំងពីថ្ងៃដែលបណ្ណាល័យបើកដំណើរការជាលើកដំបូង។ 

អ្នកស្រីបានរំឭកឡើងថា នៅមុនពេល​ផ្ទុះ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ បណ្ណាល័យតែងតែមានជីវិតរស់រវើក។ នៅថ្ងៃធម្មតា មានកុមារប្រមាណ ១០ នាក់មកអានសៀវភៅ ហើយ​កម្មវិធីនិទានរឿងរៀងរាល់ថ្ងៃព្រហស្បតិ៍ អាចទាក់ទាញកុមារពី ២០ ទៅ ៣០ នាក់ មកស្តាប់ការនិទានរបស់​​លោកយាយ ពេជ្រ ព្រឿង។ អ្នកស្រីបានឱ្យដឹងដែរថា ក្រៅពីស្តាប់ «ពួកគេមកអានសៀវភៅ សួរសំណួរ និងលេងល្បែងប្រាជ្ញា» ទៀតផង។ 

ប៉ុន្តែ ទិដ្ឋភាពនេះ​បាន​ផ្លាស់​ប្តូរអស់ នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើង។ អំឡុងពេលសាលារៀន និងបណ្ណាល័យត្រូវបិទទ្វារ​ កុមាររៀន​តាមអនឡាញ និងចំណាយពេលកាន់តែច្រើនជាមួយទូរសព្ទដៃ និងកុំព្យូទ័រ។ ទោះបីជាសព្វថ្ងៃនេះជីវិត​មានដំណើរការ​ជា​ប្រក្រតីឡើងវិញក៏ដោយ កុមារជាច្រើនមិនបានត្រឡប់មកបណ្ណាល័យដូចមុនទៀតទេ។ 

អ្នកស្រីនិយាយ​ថា៖ «ឥឡូវក្មេងៗមិនសូវមកទេ ថ្ងៃខ្លះសឹងតែគ្មានក្មេងមកទាល់តែសោះ។ ពួកគេចំណាយពេលលើទូរសព្ទច្រើន ហើយឪពុកម្តាយខ្លះក៏មិនសូវនាំកូនមកអានសៀវភៅដូចមុនដែរ»។ 

លោក ហុក សុទ្ធិ ប្រធានគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា យល់ថា បច្ចេកវិទ្យាមិនមែនជាសត្រូវរបស់ការអានទេ ប៉ុន្តែការប្រើប្រាស់ដោយគ្មានតុល្យភាពអាចប៉ះពាល់ដល់ទម្លាប់អានរបស់កុមារ។ 

លោកមានប្រសាសន៍ថា៖ «ទូរសព្ទ និងថែប្លេតអាចផ្ដល់ចំណេះដឹងបានដែរ។ ប៉ុន្តែភាគច្រើនពួកគេប្រើប្រាស់លើសកំណត់ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងចំណេះដឹងទូទៅ»។ 

ការព្រួយបារម្ភនេះស្របទៅនឹងទិន្នន័យរបស់ធនាគារពិភពលោកឆ្នាំ ២០២៣ ដែលបង្ហាញថា ជាងពាក់ កណ្ដាល នៃកុមារដែលបានបញ្ចប់ថ្នាក់បឋមសិក្សានៅកម្ពុជា នៅជួបការលំបាកក្នុងការអាន ឬក្នុង​យល់អត្ថបទសាមញ្ញ ដែលពួកគេធ្លាប់បានរៀនកន្លងមក។ 

លោក ហុក សុទ្ធិ នៅតែជឿថា ទម្លាប់អានអាចស្ដារឡើងវិញបាន ប្រសិនបើគ្រួសារ សាលារៀន និងសហគមន៍រួមគ្នាលើកទឹកចិត្តកុមារឱ្យអានជាប្រចាំ។ 

សម្រាប់លោកយាយ ពេជ្រ ព្រឿង ការអានសៀវភៅរឿងតាំងពីវ័យក្មេង មិនត្រឹមតែជួយឱ្យកុមារចេះអានបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍការគិត ការស្រមើស្រមៃ និងភាពច្នៃប្រឌិត។  

ការរង់ចាំដែលមិនទាន់ចប់ 

លោកយាយ ពេជ្រ ព្រឿង បានរំឭកឡើងថា មាន​ថ្ងៃមួយនោះ លោកយាយមានកុមារប្រមាណ ២០ នាក់ មកអង្គុយជុំគ្នា ស្តាប់គាត់និទានរឿង «បុរសពីរនាក់ដាក់អន្ទាក់»។ 

លោកយាយមាន​ប្រសាសន៍ថា៖ «ថ្ងៃនោះខ្ញុំសប្បាយចិត្តណាស់ ព្រោះឃើញមានក្មេងៗមកច្រើន។ ប៉ុន្តែក្រោយមក គ្មានក្មេងៗមកទៀតទេ» ។ 

ទោះបីបណ្ណាល័យស្ងប់ស្ងាត់ក៏ដោយ អ្វីដែលនៅតែរស់រវើកក្នុងការចងចាំរបស់លោកយាយ គឺស្នាមញញឹម និងសំឡេងសើចរបស់កុមារ។ លោកយាយមិនបន្ទោសកុមារ ឬឪពុកម្តាយនោះទេ ហើយក៏យល់ដែរថា ពិភពលោកបានផ្លាស់ប្ដូរ ហើយបច្ចេកវិទ្យាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ 

លោកយាយមានប្រសាសន៍ថា លោកយាយនៅតែមកបណ្ណាល័យ Open Book រៀងរាល់ថ្ងៃព្រហស្បតិ៍ ជាមួយ​នឹង​ក្តីសង្ឃឹមថានឹងមាន​ក្មេងៗមកស្តាប់​គាត់​និទាន​រឿងទៀត​ ហើយ​គាត់​ក៏​នឹងបាន​ឮសំឡេងសើចរបស់​ពួកគេ​ ដូចមុនៗទៀតដែរ។ 

«ដរាបណាខ្ញុំនៅមានកម្លាំង ខ្ញុំនឹងមករហូតដល់ខ្ញុំលែងអាចមកបាន» — លោកយាយមានប្រសាសន៍ដោយទឹកមុខញញឹម។ «ខ្ញុំគ្រាន់តែចង់លើកទឹកចិត្តឱ្យក្មេងៗមកបណ្ណាល័យឱ្យបានច្រើន។ សូម្បីតែក្មេងម្នាក់ក៏ដោយ ខ្ញុំនៅតែរីករាយនិទានរឿងឱ្យគេស្ដាប់ដែរ។» 

#អប់រំ #ទិវាជាតិអំណាន #បណ្តុះទម្លាប់អាន

Leave a Comment

Your email address will not be published. Required fields are marked *