នៅពីក្រោយកំណើនរថយន្តអគ្គិសនី៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាជួសជុល និងកង្វះអ្នកជំនាញ 

រថយន្តអគ្គិសនីកំពុងទទួលការសាកថ្មនៅស្ថានីយមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៦។ ខ្សែសាកជាច្រើនត្រូវបានភ្ជាប់ទៅនឹងរថយន្ថដែលរៀបចំជាជួរ សម្រាប់បម្រើរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ រូបថតដោយ ស្រុីន ស៊ែវុីនថ៍

ដោយ ស្រ៊ីន ស៊ែវ៉ីនថ៍ និង ខៀវ សេដ្ឋា

ភ្នំពេញ— នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញរថយន្តអគ្គិសនីដែលបើកបរយ៉ាងស្ងប់ស្ងាត់កំពុងលេចឡើងកាន់  តែច្រើនក្នុងចំណោមរថយន្តប្រើសាំងនិងម៉ាស៊ូតរាប់ម៉ឺនគ្រឿង។ វត្តមានរបស់វាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យដឹកជញ្ជូននៅកម្ពុជាខណៈប្រជាពលរដ្ឋកាន់តែច្រើនងាកមកប្រើប្រាស់យានយន្តដែលមានការប្រើប្រាស់ថាមពលស្អាត។ 

ទិន្នន័យពីក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកើនពីជាង២៥០០គ្រឿងក្នុងឆ្នាំ២០២៤ ទៅជាង ៩ ០០០ គ្រឿងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ម៉ាករថយន្តអគ្គិសនីជាច្រើនដូចជា BYD, Xpeng, Tesla, Aion និងម៉ាកផ្សេងៗទៀត ក៏បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាផងដែរ។ 

ប៉ុន្តែនៅពីក្រោយកំណើនដ៏ឆាប់រហ័សនេះ ប្រព័ន្ធគាំទ្រសម្រាប់រថយន្តអគ្គិសនីនៅដើរមិនទាន់កំណើននៃការប្រើប្រាស់នៅឡើយទេ។ កង្វះខាតអ្នកបច្ចេកទេសដែលមានជំនាញ,មជ្ឈមណ្ឌលជួសជុលដែលមានសមត្ថភាព ឧបករណ៍វិភាគបច្ចេកទេស និងគ្រឿងបន្លាស់រថយន្ត — ទាំងអស់នេះកំពុងក្លាយជាក្តីបារម្ភរួមរបស់ម្ចាស់រថយន្ត អ្នកជួសជុល និងអ្នកជំនាញ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនបៃតង។

ទោះបីជាក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿនការអភិវឌ្ឍស្ថានីយសាកថ្មនិងរៀបចំគោលនយោបាយលើក ទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនីក៏ដោយក៏អ្នកប្រើប្រាស់ជាច្រើននៅតែមានសំណួរថា ប្រសិនបើរថយន្តមានបញ្ហាបច្ចេកទេសតើពួកគេអាចស្វែងរកកន្លែងជួសជុលដែលមានជំនាញនិងអាចទុកចិត្តបាននៅទីណា? 

មិនដូចរថយន្តប្រើប្រេងឥន្ធនៈដែលពឹងផ្អែកលើប្រព័ន្ធមេកានិកនិងម៉ាស៊ីនចំហេះរថយន្តអគ្គិសនីដំណើរការដោយប្រព័ន្ធថ្មវ៉ុលខ្ពស់, ម៉ូទ័រអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក និងកម្មវិធីបញ្ជាដែលទាមទារចំណេះដឹង និងឧបករណ៍ជួសជុលឯកទេស។ កត្តានេះបានធ្វើឱ្យយានដ្ឋានជួសជុលរថយន្តទូទៅជាច្រើននៅកម្ពុជា មិនទាន់អាចផ្តល់សេវាជួសជុលរថយន្តអគ្គិសនីបាននៅឡើយ។ 

យានដ្ឋានជួសជុលមិនទាន់ត្រៀមខ្លួន 

សម្រាប់យានដ្ឋានជួសជុលរថយន្តជាច្រើនកំណើននៃរថយន្តអគ្គិសនីមិនត្រឹមតែជាឱកាសអាជីវកម្មថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រឈមដែលទាមទារការវិនិយោគលើបច្ចេកវិទ្យា ឧបករណ៍ និងធនធានមនុស្សផងដែរ។ 

លោក ឈន រិទ្ធិយ៉ា ជាងជួសជុលរថយន្តនៅ RAF Garage ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឱ្យដឹងថា យានដ្ឋានរបស់លោកនៅមិនទាន់អាចផ្តល់សេវាជួសជុល និងថែទាំរថយន្តអគ្គិសនីបាននៅឡើយដោយសារខ្វះឧបករណ៍វិភាគបច្ចេកទេស និងបុគ្គលិកដែលមានការបណ្តុះបណ្តាលលើប្រព័ន្ធរថយន្តអគ្គិសនី។ 

លោកមានប្រសាសន៍ថា៖ «ការជួសជុលរថយន្តអគ្គិសនីមានភាពខុសគ្នាយ៉ាងខ្លាំងពីរថយន្តប្រើប្រេងឥន្ធនៈ ដោយរថយន្តប្រើប្រេងឥន្ធនៈធម្មតាការជួសជុលគឺពឹងផ្អែកលើប្រព័ន្ធមេកានិច និងម៉ាស៊ីនចំហេះខាងក្នុង ចំណែកឯរថយន្តអគ្គិសនី គឺពឹងផ្អែកជាចម្បងលើប្រព័ន្ធអគ្គិសនីថ្មកម្មវិធីបញ្ជា និងគ្រឿងបន្លាស់អេឡិចត្រូនិកទំនើប»។ 

លោកបានបញ្ជាក់ថាមានម្ចាស់រថយន្តអគ្គិសនីជាច្រើនបានមកសាកសួរអំពីសេវាជួសជុល ប៉ុន្តែយានដ្ឋានរបស់លោកត្រូវបដិសេធ ព្រោះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវានោះដោយសុវត្ថិភាព។ បញ្ហាមិនមែនស្ថិតនៅត្រឹមការខ្វះជាងដែលមានជំនាញប៉ុណ្ណោះទេ។  

លោក រិទ្ធិយ៉ា បញ្ជាក់ថា ឧបករណ៍វិភាគនិងឧបករណ៍ជួសជុលសម្រាប់រថយន្តអគ្គិសនីភាគច្រើន ត្រូវនាំចូលពីបរទេសដែលមានតម្លៃខ្ពស់ និងត្រូវការពេលវេលាយូរ។ សម្រាប់យានដ្ឋានឯកជនខ្នាតតូច ការវិនិយោគបែបនេះនៅតែជាបន្ទុកធំមួយ។ 

លោកបន្ថែមថា បច្ចុប្បន្នការជួសជុលរថយន្តអគ្គិសនីភាគច្រើននៅតែពឹងផ្អែកលើមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ក្រុមហ៊ុននាំចូល ដែលជាងជាច្រើនជាអ្នកជំនាញមកពីបរទេស ជាពិសេសប្រទេសចិន។ លោកបាននិយាយថា៖ «មិនមែនយានដ្ឋានមិនចង់ផ្តល់សេវានោះទេ ប៉ុន្ដែការផ្លាស់ប្តូរបច្ចេកវិទ្យានៃឧស្សាហកម្មយានយន្តក្នុងប្រទេសរបស់យើង មានសម្ទុះកើនឡើងខ្លាំង ដែលតម្រូវឱ្យអ្នកជួសជុលត្រូវមានចំណេះដឹងនិងជំនាញថ្មី» សម្រាប់​ផ្តល់​សេវា​ដល់​អ្នក​ប្រើ​ប្រាស់។  

រថយន្តអគ្គិសនីពីរគ្រឿងកំពុងសាកថ្មនៅខាងមុខពិព័រណ៍ CIMIF ក្នុងរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៦។ ស្ថានីយសាកថ្មបែបនេះកំពុងក្លាយជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការកាន់តែច្រើន ស្របពេលរថយន្តអគ្គិសនីកំពុងកើនឡើងនៅកម្ពុជា។ រូបថតដោយ ស្រុីន ស៊ែវុីនថ៍

ការជួសជុល EV ទាមទារជំនាញថ្មី 

លោក សូ ភីរ៉ាត់ និស្សិតផ្នែកមេកានិករថយន្តនៅសាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជា និងធ្លាប់បម្រើការ​ងារនៅក្រុមហ៊ុនលក់រថយន្តអគ្គិសនីឯកជនមួយ បានឱ្យដឹងថា រថយន្តអគ្គិសនីមានរចនាសម្ព័ន្ធ និងប្រព័ន្ធដំណើរការខុសពីរថយន្តប្រើប្រេងឥន្ធនៈស្ទើរតែទាំងស្រុង។ 

លោកបាន​ពន្យល់ថា ខុសពីរថយន្តប្រើប្រេងឥន្ធនៈដែលពឹងផ្អែកលើម៉ាស៊ីនចំហេះ និងប្រព័ន្ធមេកានិកជាចម្បង រថយន្តអគ្គិសនីដំណើរការដោយកញ្ចប់ថ្មវ៉ុលខ្ពស់, ម៉ូទ័រអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងថ្ម, ប្រព័ន្ធបំប្លែងចរន្ត, និងកម្មវិធីគ្រប់គ្រង ដែលសុទ្ធតែទាមទារជំនាញបច្ចេកទេសឯកទេស។ ដោយសារប្រព័ន្ធទាំងនេះដំណើរការក្រោមតង់ស្យុងខ្ពស់ ការជួសជុលត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ ជាងជួសជុលមិនអាចពឹងលើបទពិសោធន៍ផ្នែកមេកានិកតែមួយមុខបានទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអគ្គិសនី, អេឡិចត្រូនិក, និងការប្រើប្រាស់ឧបករណ៍ស្កេនកុំព្យូទ័រ ដើម្បីវិភាគ និងដោះស្រាយបញ្ហាបច្ចេកទេស។ 

លោក ភីរ៉ាត់ បាននិយាយថា កង្វះអ្នកជំនាញលើប្រព័ន្ធទាំងនេះ គឺជាមូលហេតុសំខាន់មួយដែលធ្វើឱ្យយានដ្ឋានជាច្រើននៅកម្ពុជាមិនទាន់អាចផ្តល់សេវាជួសជុលរថយន្តអគ្គិសនីបាន។ 

ក្នុងអំឡុងពេលធ្វើការនៅក្រុមហ៊ុនលក់រថយន្តអគ្គិសនីមួយ​ លោកបានសង្កេតឃើញថា អតិថិជនជាច្រើនមិនត្រឹមតែបារម្ភអំពីការជួសជុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចម្ងល់អំពីអាយុកាលថ្ម, ការថែទាំរយៈពេលវែង, និងការស្វែងរកគ្រឿងបន្លាស់ ជាពិសេសសម្រាប់រថយន្តដែលនាំចូលតាមអ្នកនាំចូលឯករាជ្យ។ 

លោកបន្ថែមថា បញ្ហាប្រឈមមួយទៀតគឺការសាកថ្មនៅផ្ទះ និងភាពខុសគ្នានៃប្រព័ន្ធស្ថានីយសាកសាធារណៈ ដែលនៅមិនទាន់ប្រើស្តង់ដារួមដូចគ្នា ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ត្រូវប្រើកម្មវិធីផ្សេងៗទៅតាមក្រុមហ៊ុនផ្តល់ សេវានីមួយៗ។ 

លោកយល់ថា ប្រសិនបើកម្ពុជាចង់ឱ្យការប្រើប្រាស់រថយន្តអគ្គិសនីរីកចម្រើនប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលអ្នកបច្ចេកទេស និងការវិនិយោគលើឧបករណ៍ជួសជុល គួរតែដើរទន្ទឹមគ្នាជាមួយកំណើននៃចំនួនរថយន្តនៅលើដងផ្លូវ។ 

ចំណេញថ្លៃប្រើប្រាស់ ប៉ុន្តែបារម្ភពីការថែទាំ 

បើទោះបីជាពួកគេទទួលស្គាល់ថា រថយន្តអគ្គិសនីជួយកាត់បន្ថយការចំណាយ និងផ្តល់បទពិសោធន៍បើកបរល្អជាងរថយន្តប្រើប្រេងឥន្ធនៈក៏ដោយ ក៏ការជួសជុល និងការថែទាំរយៈពេលវែងនៅតែជាសំណួរដែលម្ចាស់​រថយន្តច្រើនអ្នក​​មិនទាន់មានចម្លើយ។ 

លោក មុទិតា ម្ចាស់រថយន្តអគ្គិសនីម៉ាក Xpeng G6 បាននិយាយថា លោកសម្រេចចិត្តទិញរថយន្តប្រភេទនេះ ដោយសារចង់សាកល្បងបច្ចេកវិទ្យាថ្មី និងរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ 

លោកបានឱ្យដឹងថា ការចំណាយលើថាមពល គឺជាអត្ថប្រយោជន៍ដែលលោកអាចមើលឃើញភ្លាមៗ។ លោកចំណាយថ្លៃសាកថ្មប្រមាណ ១៦ ០០០ ដល់ ២០ ០០០ រៀល សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ធៀបទៅនឹងចំណាយពី ៣០ ០០០ ដល់ ៤៥ ០០០ រៀល លើរថយន្តប្រើប្រេងឥន្ធនៈ​ សម្រាប់ចម្ងាយដូចគ្នា អាស្រ័យលើតម្លៃប្រេង និងប្រភេទរថយន្ត។ នេះមានន័យថា ការប្រើប្រាស់រថយន្តអគ្គិសនីអាចសន្សំសំចៃការចំណាយលើថាមពលបានប្រហែល​​ ៥០ ​ភាគរយ ​ក្នុងការធ្វើដំណើររៀងរាល់ ១០០ គីឡូម៉ែត្រ។ 

ប៉ុន្តែ លោកនិយាយថា នៅពីអត្ថប្រយោជន៍នេះ ក្តីបារម្ភអំពីការជួសជុលនៅតែមាន។  

លោក មុទិតា និយាយថា៖ «ខ្ញុំគិតថា វានៅតែពិបាកក្នុងការស្វែងរកកន្លែងជួសជុលរថយន្តអគ្គិសនីដែលអាចទុកចិត្តបាននៅកម្ពុជា។ ទោះបីជាចំនួនរថយន្តអគ្គិសនីកំពុងកើនឡើងក៏ដោយ ក៏មជ្ឈមណ្ឌលជួសជុលដែលមានជំនាញជាក់លាក់នៅមានចំនួនកំណត់នៅឡើយ»។  

លោកបានបន្ថែមថា គ្រឿងបន្លាស់ ជាពិសេសសម្រាប់ម៉ាករថយន្តថ្មីៗ ជាបញ្ហាប្រឈមធំ។ ក្នុងករណីខ្លះ គ្រឿងបន្លាស់ត្រូវបញ្ជាទិញពីបរទេស ដែលធ្វើឱ្យការជួសជុលត្រូវចំណាយពេលយូរ និងមានតម្លៃថ្លៃជាងការរំពឹងទុក។ 

អ្វីដែលកាន់តែបារម្ភខ្លាំងទៀតនោះ​គឺ​នៅពេល​ធ្វើដំណើរផ្លូវឆ្ងាយ។ លោកមានប្រសាសន៍ថា ប្រសិនបើរថយន្តខូចនៅតាមផ្លូវទៅខេត្ត ឬត្រូវការជួសជុលធំៗ វានឹងពិបាកណាស់ ព្រោះនៅតាមបណ្តាខេត្តស្ទើរតែមិនទាន់មានជាងដែលអាចជួសជុល ឬប្តូរគ្រឿងបន្លាស់រថយន្តអគ្គិសនីបានទេ។ 

ម្ចាស់រថយន្តអគ្គិសនីម្នាក់ទៀត គឺលោក ហេង វឌ្ឍនៈ ដែលប្រើប្រាស់រថយន្តម៉ាក BYD បានលើកឡើងស្រដៀងគ្នាថា រថយន្តអគ្គិសនីជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងផ្តល់បទពិសោធន៍បើកបរដែលស្ងប់ស្ងាត់ជាងរថយន្តប្រើប្រេងឥន្ធនៈ។ 

ទោះជាយ៉ាងណា លោកសង្កេតឃើញថា សេវាកម្មជួសជុលនៅមានកម្រិត ជាពិសេសនៅតាមបណ្តាខេត្ត។ បច្ចុប្បន្ន អ្នកប្រើប្រាស់ភាគច្រើននៅតែពឹងផ្អែកលើមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ក្រុមហ៊ុននាំចូល ដែលមានអ្នកបច្ចេកទេសឯកទេស និងឧបករណ៍សមស្រប។ 

សម្រាប់លោកវឌ្ឍនៈ ក្តីបារម្ភមួយទៀតគឺសុខភាពថ្ម និងថ្លៃជំនួសថ្មនាពេលអនាគត។ ដោយសារលោកតែងតែបើកបរចម្ងាយឆ្ងាយ លោកកត់សម្គាល់ឃើញថា សមត្ថភាពថ្មហាក់ដូចជាធ្លាក់ចុះបន្តិចម្តងៗ ដែលធ្វើឱ្យលោកបារម្ភថាអាចនឹង​ត្រូវ​ចំណាយ​ធំទៅលើការផ្លាស់ថ្មដាក់​ថ្មី​ នៅពេល​ការ​ធានារបស់​ក្រុមហ៊ុនផលិតផុត​អាយុកាល​របស់​វា​។ 

រថយន្តអគ្គីសនី មួយគ្រឿងកំពុងសាកថ្មនៅក្នុងផ្ទះមួយកន្លែង ក្នុងរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៦។ ការសាកថ្មនៅផ្ទះបានក្លាយជាផ្នែកមួយនៃការប្រើប្រាស់រថយន្តអគ្គិសនីប្រចាំថ្ងៃសម្រាប់ម្ចាស់រថយន្តមួយចំនួនដោយចំណេញនូវពេលវេលាច្រើន។ រូបថតដោយ ស្រុីនសែវុីនថ៍

រដ្ឋាភិបាលពន្លឿនគោលនយោបាយ  

នៅ​ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤–២០៣០» ក្នុង​គោលបំណងជំរុញការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការបំពុលបរិស្ថាន ពង្រឹងសន្តិសុខថាមពល និងតម្រង់ទិសការអភិវឌ្ឍឧស្សាហកម្មយានយន្តរបស់កម្ពុជាទៅរកសេដ្ឋកិច្ចបៃតង។ 

តាមគោលនយោបាយនេះ កម្ពុជាកំណត់គោលដៅឱ្យមានយានយន្តអគ្គិសនីជិត ៨០០ ០០០គ្រឿង នៅឆ្នាំ២០៣០ ក្នុងនោះ​មានរថយន្តអគ្គិសនី ៣០ ០០០ គ្រឿង, ទោចក្រយានយន្តអគ្គិសនី ៧២០ ០០០ គ្រឿង, និងត្រីចក្រយានយន្តអគ្គិសនី ២០ ០០០ គ្រឿង។ 

យោងតាមការផ្សាយ​របស់​សារព័ត៌មាន Cambodianess កាលពីខែកក្កដាកន្លងទៅ, លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានយានយន្តដែលបានចុះបញ្ជីសរុបចំនួន​ ៨ ៤៦០ ៨៧៩ គ្រឿង។ ក្នុងនោះ មានយានយន្តអគ្គិសនីសរុប ១៩ ០២៩ គ្រឿង រួមមានរថយន្តអគ្គិសនី ១៤ ០៥៦ គ្រឿង, ម៉ូតូអគ្គិសនី ៤ ២៣២ គ្រឿង, និងកង់បីអគ្គិសនី ៧៤១ គ្រឿង។ 

ពង្រីកបណ្តាញសាកថ្ម និងបណ្តុះបណ្តាលអ្នកជំនាញ 

យោងតាមសារពត៌មាន​ AKP ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រោងវិនិយោគយ៉ាងហោចណាស់ ១០ លានដុល្លារអាម៉េរិក ដើម្បីពង្រីកបណ្តាញស្ថានីយសាកថ្មទូទាំងប្រទេស ដោយប្រគល់ភារកិច្ចឱ្យអគ្គិសនីកម្ពុជា (EDC) ដឹកនាំការអនុវត្តគម្រោងនេះ។ រដ្ឋាភិបាលបានអនុម័តលើការសាងសង់​ស្ថានីយសាកថ្មជាង ១៧០កន្លែង រួចហើយ និងកំពុងបន្តគាំទ្រការចូលរួមពីវិស័យឯកជនក្នុងការពង្រីកបណ្តាញសាកថ្ម។ 

ទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធដែលមាននៅមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតប នឹងតម្រូវការនាពេលអនាគតនៅឡើយ។ ដូច្នេះ រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយសាកថ្មល្បឿនលឿន (High-voltage Fast Charging Stations)  តាមបណ្តោយផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ តំបន់សេដ្ឋកិច្ច និងមជ្ឈមណ្ឌលដឹកជញ្ជូនធំៗ។ 

ប៉ុន្តែ ការអភិវឌ្ឍធនធានមនុស្សក៏ត្រូវដើរទន្ទឹមគ្នាជាមួយ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​គាំទ្រកំណើនរបស់វិស័យនេះផងដែរ។ 

កាលពីថ្ងៃទី ១៥–១៧ ខែមិថុនា ឆ្នាំ២០២៦ អង្គការពលកម្មអន្តរជាតិ (ILO) សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្តីពីការថែទាំរថយន្តថាមពលថ្មី (Advanced NEV Maintenance) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ។ គ្រូបណ្តុះបណ្តាលចំនួន ៣០ នាក់ មកពីស្ថាប័នអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យឧស្សាហកម្ម បាន​ចូលរួម​ក្នុង​កម្មវិធីនេះ ដែលផ្តោតលើបច្ចេកវិទ្យាសាកថ្មឆ្លាតវៃ និងបច្ចេកទេសជួសជុលទំនើបផ្សេងៗ ក្រោមការបង្រៀនរបស់អ្នកជំនាញមកពី Beijing Industrial Technician College (BITC) ប្រទេសចិន។ 

យោងតាមការសិក្សារបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចុះផ្សាយដោយអង្គការពលកម្មអន្តរជាតិ(ILO) សហគ្រាសជាងបីភាគបួនដែលបានចូលរួមស្ទង់មតិ បានឱ្យ​ដឹងថា មានតម្រូវការខ្ពស់ ឬខ្ពស់ខ្លាំង ចំពោះជំនាញពាក់ព័ន្ធនឹងរថយន្តថាមពលថ្មី ដែលបង្ហាញថា ការអភិវឌ្ឍអ្នក​ឯកទេស​ កំពុងក្លាយជាបញ្ហាបន្ទាន់សម្រាប់ឆ្លើយតបទៅនឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់ នៅ​កម្ពុជា។  

Leave a Comment

Your email address will not be published. Required fields are marked *