អ្នកដំណើរកំពុងឡើងរថយន្តក្រុងសាធារណៈនៅចំណតរង់ចាំត្រង់ស្តុបសេរីភាព មហាវិថីកម្ពុជាក្រោម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ចំណីចិញ្ចើមផ្លូវត្រង់គំនូសសម្រាប់រថយន្តក្រុង បានក្លាយជាចំណតសម្រាប់ចតរថយន្តឯកជន បង្កការរំខានដល់ការប្រើប្រាស់របស់អ្នកដំណើរ។
រូបថតដោយ៖ វុទ្ធី អង្គសូនីត
ដោយ ហេង គីមស្រៀង និង វុទ្ធី អង្គសូនីត
ភ្នំពេញ – វេលាម៉ោងជិត ៧ ព្រឹក នៅតាមបណ្តោយមហាវិថីនានាក្នុងរាជធានីភ្នំពេញចរាចរណ៍ចាប់ផ្តើមកកស្ទះយ៉ាងខ្លាំង។ រថយន្ត និងម៉ូតូរាប់រយគ្រឿងបើកបរប្រជ្រៀតគ្នា ខណៈនៅតាមចំណតរថយន្តក្រុង អ្នកដំណើរជាច្រើន ជាពិសេសសិស្ស-និស្សិត កំពុងឈររង់ចាំមធ្យោបាយធ្វើដំណើរដែលពួកគេជឿជាក់ថាមានសុវត្ថិភាព និងសន្សំសំចៃ។
ទោះបីជាប្រព័ន្ធរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញបានដំណើរការតាំងពីឆ្នាំ២០១៤ មក ដើម្បីផ្តល់ជម្រើសធ្វើដំណើរតម្លៃសមរម្យក៏ដោយ ក៏ការធានាឱ្យសេវារថយន្តក្រុងរត់តាមកាលវិភាគរបស់ខ្លួនទាន់ពេលវេលា កំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ អ្នកបើកបររថយន្តក្រុងបានរអ៊ូរថា ការកកស្ទះដែលកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ និងការខ្វះសណ្តាប់ធ្នាប់ពីសំណាក់អ្នកបើកបរយានយន្តឯកជន គឺជាប្រភពនៃបញ្ហាដ៏ធំបំផុត។ ពួកគេបានចេញមុខអំពាវនាវឱ្យអ្នកបើកបរយានយន្តឯកជនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាប្រយោជន៍ដល់អ្នកដំណើរតាមរថយន្តក្រុងសាធារណៈ។
គោរពច្បាប់ចរាចរណ៍សំខាន់ជាងផ្លូវអាទិភាព
លោក សេន ហូសាន់ ដែលបើកបររថយន្តក្រុងខ្សែលេខ7 ពីស្ថានីយរថយន្តក្រុងព្រែកព្នៅ ទៅដល់ស្ថានីយរថយន្តក្រុងវាលស្បូវ បានរៀបរាប់ថា បានរៀបរាប់ថា បញ្ហាប្រឈមដែលលោកជួបប្រទះញឹកញាប់បំផុត គឺការត្អូញត្អែររបស់អ្នកដំណើរជុំវិញការយឺតយ៉ាវ។ លោកបញ្ជាក់ថា ការយឺតយ៉ាវនេះមិនមែនមកពីអ្នកបើកបររថយន្តក្រុងនោះទេ ប៉ុន្តែបណ្តាលមកពីការកកស្ទះចរាចរណ៍ ការបើកបរខ្វះការយោគយល់ និងការឈប់ចតយានយន្តឯកជនគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។
លោកបានអំពាវនាវឱ្យអ្នកបើកបរយានយន្តឯកជនទាំងអស់ បញ្ឈប់ការឈប់ចតផ្តេសផ្តាស និងបើកបរដោយមានការអធ្យាស្រ័យ ដើម្បីជួយឱ្យរថយន្តក្រុងអាចដឹកជញ្ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ស្រដៀងគ្នានេះដែរ លោក រ័ត្ន សំណាង អ្នកបើកបររថយន្តក្រុងខ្សែលេខ 13A ពីស្ថានីយរថយន្តក្រុងព្រែកព្នៅ ទៅដល់ ស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឱ្យដឹងថា ក្រៅពីការកកស្ទះ លោកតែងជួបប្រទះយានយន្តឯកជន និងម៉ូតូបើកបរវ៉ាជែងដោយគ្មានប្រុងប្រយ័ត្ន ព្រមទាំងការឈប់ចតបាំងចំណតរថយន្តក្រុងទៀតផង។ កត្តានេះធ្វើឱ្យរថយន្តក្រុងពិបាកចូលចតទទួល-ដាក់អ្នកដំណើរដោយសុវត្ថិភាព។ លោកសង្ឃឹមថា អ្នកបើកបរលើដងផ្លូវនឹងផ្តល់អាទិភាពដល់រថយន្តក្រុង ដើម្បីឱ្យសេវាសាធារណៈនេះដំណើរការបានកាន់តែមានប្រសិទ្ធភាព។

រូបថតដោយ៖ ហេង គីមស្រៀង
ផលប៉ះពាល់ផ្ទាល់លើអ្នកដំណើរ
ការយឺតយ៉ាវដែលបណ្តាលមកពីកត្តាចរាចរណ៍បានប៉ះពាល់ផ្ទាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដំណើរ។
កញ្ញា ជា ច័ន្ទសុជាតិតា និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា៖ «ខ្ញុំជិះឡានក្រុងសឹងតែរាល់ថ្ងៃហើយ វាជួយសន្សំសំចៃលុយបានច្រើន ព្រោះថាខ្ញុំជានិស្សិត ខាងឡានក្រុងឱ្យជិះមិនយកលុយទេ។ ប៉ុន្តែ ពេលខ្លះត្រូវចាំយូរ ហើយម៉ោងមកមិនទៀងទាត់ទេ»។ សុជាតិតា យល់ឃើញថា បញ្ហាធំមួយដែលរំខានដល់ការយឺតយ៉ាវរបស់រថយន្តក្រុង គឺកង្វះសណ្តាប់ធ្នាប់ និងការគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានការ យានយន្តឯកជន ឬតាក់ស៊ីបាំង ចំណតរថយន្តក្រុង ដែលរំខានដល់ការដាក់ចុះ និងឡើងរបស់អ្នកប្រើប្រាស់រថយន្តសាធារណៈ។
លោក ណាក់ សុទ្រី និស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា លោកជិះរថយន្តក្រុងរាល់ថ្ងៃដោយសារមានផាសុកភាពពីម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងជួយសន្សំសំចៃលុយ ជាងការជិះម៉ូតូ។ ប៉ុន្តែ លោកក៏យល់ស្របដូច សុជាតិតា ដែរថា ពេលខ្លះត្រូវខាតពេលរង់ចាំយូរដោយសារការកកស្ទះចរាចរណ៍។

រូបថតដោយ៖ ហេង គីមស្រៀង
កំណើនយានយន្ត និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ
យោងតាមទិន្នន័យពីគេហទំព័រ World Population Review គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ភ្នំពេញមានមនុស្សរស់នៅជាង ២,៥ លាននាក់។ ជាមួយគ្នានេះ រាជធានីមានរថយន្តចុះបញ្ជីប្រមាណ ៧៥០ ០០០ គ្រឿង និងម៉ូតូ ២,៥ លានគ្រឿង — នេះបើយោងតាមការផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន ដែលបានដកស្រង់ ប្រសាសន៍របស់ លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ កន្លងទៅ។ នេះមានន័យថា គិតជាសមាមាត្រ គឺមនុស្សម្នាក់មានយានយន្តជាង ១ គ្រឿង ដែលកាន់តែបញ្ជាក់ថា សេវារថយន្តក្រុងជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយការកកស្ទះនៅតាមផ្លូវក្នុងទីក្រុង។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបានបង្កើនចំនួនរថយន្តក្រុងដល់ប្រហែល ៤៣០គ្រឿង ដែលរត់លើ ២៣ខ្សែ ក្នុងនោះមានខ្សែខ្លះលាតសន្ធឹងដល់តំបន់ជាយក្រុង និងខេត្តកណ្តាល ទៀតផង។ អង្គភាពបានប្រើប្រព័ន្ធគ្រប់គ្រងការប្រតិបត្តិការរថយន្តក្រុង (BMS) ចេញពីបន្ទប់បញ្ជាតែមួយ ព្រមទាំងអភិវឌ្ឍកម្មវិធី CityBus App និងសហការជាមួយ Google Maps ដើម្បីឱ្យអ្នកដំណើរអាចតាមដានទីតាំង និងពេលវេលាមកដល់ជាក់ស្តែង។ បន្ថែមលើនេះ អង្គភាពកំពុងសិក្សាដាក់ឱ្យដំណើរការឡើងវិញនូវការដឹកជញ្ជូនអ្នកដំណើរតាមកាណូតសាធារណៈ — ដែលត្រូវបានផ្អាកតាំងពីសម័យមានជំងឺកូវីដ — សម្រាប់ចរាចរណ៍តាមផ្លូវទឹកពីឫស្សីកែវ ទៅក្រុងតាខ្មៅ ដើម្បីជួយកាត់បន្ថយសម្ពាធចរាចរណ៍លើដងផ្លូវក្នុងទីក្រុង។
លោក សៅ សុវណ្ណារី អនុប្រធានការិយាល័យបច្ចេកទេស នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ទទួលស្គាល់ថា សេវាកម្មនៅមានចំណុចខ្វះខាតផ្នែកពេលវេលា ប៉ុន្តែអង្គភាពរបស់លោកកំពុងខិតខំ «រកដំណោះស្រាយ ដើម្បីអភិវឌ្ឍសេវារថយន្តក្រុងឱ្យកាន់តែមានប្រសិទ្ធភាព»។ លោកបាននិយាយបន្ថែមថា រដ្ឋាករកំពុងធ្វើការសិក្សាកែលម្អចំណតរង់ចាំនៅតាមខ្សែរត់ជាបន្តបន្ទាប់ ដោយបំពាក់កៅអីអង្គុយ ដំបូលសម្រាប់ជ្រកភ្លៀង និងកម្តៅថ្ងៃ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។
សេន ហូសាន់ ដែលជាអ្នកបើកបររថយន្តក្រុង មានប្រសាសន៍ថា គន្លងផ្លូវអាទិភាពសម្រាប់រថយន្តក្រុងអាចជាដំណោះស្រាយដ៏ល្អ ប៉ុន្តែ «បើអ្នកបើកបរតាមដងផ្លូវមិនគោរពច្បាប់ទេ ទោះបីជាមានផ្លូវអាទិភាពធំប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរ»។
—-


