រថយន្តអគ្គិសនីកំពុងទទួលការសាកថ្មនៅស្ថានីយមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ២០២៦។ ខ្សែសាកជាច្រើនត្រូវបានភ្ជាប់ទៅនឹងរថយន្ថដែលរៀបចំជាជួរ សម្រាប់បម្រើរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។ រូបថតដោយ ស្រុីន ស៊ែវុីនថ៍
ដោយ ស្រ៊ីន ស៊ែវ៉ីនថ៍ និង ខៀវ សេដ្ឋា
ភ្នំពេញ— នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញរថយន្តអគ្គិសនីដែលបើកបរយ៉ាងស្ងប់ស្ងាត់កំពុងលេចឡើងកាន់ តែច្រើនក្នុងចំណោមរថយន្តប្រើសាំងនិងម៉ាស៊ូតរាប់ម៉ឺនគ្រឿង។ វត្តមានរបស់វាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យដឹកជញ្ជូននៅកម្ពុជាខណៈប្រជាពលរដ្ឋកាន់តែច្រើនងាកមកប្រើប្រាស់យានយន្តដែលមានការប្រើប្រាស់ថាមពលស្អាត។
ទិន្នន័យពីក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកើនពីជាង២៥០០គ្រឿងក្នុងឆ្នាំ២០២៤ ទៅជាង ៩ ០០០ គ្រឿងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ម៉ាករថយន្តអគ្គិសនីជាច្រើនដូចជា BYD, Xpeng, Tesla, Aion និងម៉ាកផ្សេងៗទៀត ក៏បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាផងដែរ។
ប៉ុន្តែនៅពីក្រោយកំណើនដ៏ឆាប់រហ័សនេះ ប្រព័ន្ធគាំទ្រសម្រាប់រថយន្តអគ្គិសនីនៅដើរមិនទាន់កំណើននៃការប្រើប្រាស់នៅឡើយទេ។ កង្វះខាតអ្នកបច្ចេកទេសដែលមានជំនាញ,មជ្ឈមណ្ឌលជួសជុលដែលមានសមត្ថភាព ឧបករណ៍វិភាគបច្ចេកទេស និងគ្រឿងបន្លាស់រថយន្ត — ទាំងអស់នេះកំពុងក្លាយជាក្តីបារម្ភរួមរបស់ម្ចាស់រថយន្ត អ្នកជួសជុល និងអ្នកជំនាញ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនបៃតង។
ទោះបីជាក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងពន្លឿនការអភិវឌ្ឍស្ថានីយសាកថ្មនិងរៀបចំគោលនយោបាយលើក ទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនីក៏ដោយក៏អ្នកប្រើប្រាស់ជាច្រើននៅតែមានសំណួរថា ប្រសិនបើរថយន្តមានបញ្ហាបច្ចេកទេសតើពួកគេអាចស្វែងរកកន្លែងជួសជុលដែលមានជំនាញនិងអាចទុកចិត្តបាននៅទីណា?
មិនដូចរថយន្តប្រើប្រេងឥន្ធនៈដែលពឹងផ្អែកលើប្រព័ន្ធមេកានិកនិងម៉ាស៊ីនចំហេះរថយន្តអគ្គិសនីដំណើរការដោយប្រព័ន្ធថ្មវ៉ុលខ្ពស់, ម៉ូទ័រអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក និងកម្មវិធីបញ្ជាដែលទាមទារចំណេះដឹង និងឧបករណ៍ជួសជុលឯកទេស។ កត្តានេះបានធ្វើឱ្យយានដ្ឋានជួសជុលរថយន្តទូទៅជាច្រើននៅកម្ពុជា មិនទាន់អាចផ្តល់សេវាជួសជុលរថយន្តអគ្គិសនីបាននៅឡើយ។
យានដ្ឋានជួសជុលមិនទាន់ត្រៀមខ្លួន
សម្រាប់យានដ្ឋានជួសជុលរថយន្តជាច្រើនកំណើននៃរថយន្តអគ្គិសនីមិនត្រឹមតែជាឱកាសអាជីវកម្មថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រឈមដែលទាមទារការវិនិយោគលើបច្ចេកវិទ្យា ឧបករណ៍ និងធនធានមនុស្សផងដែរ។
លោក ឈន រិទ្ធិយ៉ា ជាងជួសជុលរថយន្តនៅ RAF Garage ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឱ្យដឹងថា យានដ្ឋានរបស់លោកនៅមិនទាន់អាចផ្តល់សេវាជួសជុល និងថែទាំរថយន្តអគ្គិសនីបាននៅឡើយដោយសារខ្វះឧបករណ៍វិភាគបច្ចេកទេស និងបុគ្គលិកដែលមានការបណ្តុះបណ្តាលលើប្រព័ន្ធរថយន្តអគ្គិសនី។
លោកមានប្រសាសន៍ថា៖ «ការជួសជុលរថយន្តអគ្គិសនីមានភាពខុសគ្នាយ៉ាងខ្លាំងពីរថយន្តប្រើប្រេងឥន្ធនៈ ដោយរថយន្តប្រើប្រេងឥន្ធនៈធម្មតាការជួសជុលគឺពឹងផ្អែកលើប្រព័ន្ធមេកានិច និងម៉ាស៊ីនចំហេះខាងក្នុង ចំណែកឯរថយន្តអគ្គិសនី គឺពឹងផ្អែកជាចម្បងលើប្រព័ន្ធអគ្គិសនីថ្មកម្មវិធីបញ្ជា និងគ្រឿងបន្លាស់អេឡិចត្រូនិកទំនើប»។
លោកបានបញ្ជាក់ថាមានម្ចាស់រថយន្តអគ្គិសនីជាច្រើនបានមកសាកសួរអំពីសេវាជួសជុល ប៉ុន្តែយានដ្ឋានរបស់លោកត្រូវបដិសេធ ព្រោះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវានោះដោយសុវត្ថិភាព។ បញ្ហាមិនមែនស្ថិតនៅត្រឹមការខ្វះជាងដែលមានជំនាញប៉ុណ្ណោះទេ។
លោក រិទ្ធិយ៉ា បញ្ជាក់ថា ឧបករណ៍វិភាគនិងឧបករណ៍ជួសជុលសម្រាប់រថយន្តអគ្គិសនីភាគច្រើន ត្រូវនាំចូលពីបរទេសដែលមានតម្លៃខ្ពស់ និងត្រូវការពេលវេលាយូរ។ សម្រាប់យានដ្ឋានឯកជនខ្នាតតូច ការវិនិយោគបែបនេះនៅតែជាបន្ទុកធំមួយ។
លោកបន្ថែមថា បច្ចុប្បន្នការជួសជុលរថយន្តអគ្គិសនីភាគច្រើននៅតែពឹងផ្អែកលើមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ក្រុមហ៊ុននាំចូល ដែលជាងជាច្រើនជាអ្នកជំនាញមកពីបរទេស ជាពិសេសប្រទេសចិន។ លោកបាននិយាយថា៖ «មិនមែនយានដ្ឋានមិនចង់ផ្តល់សេវានោះទេ ប៉ុន្ដែការផ្លាស់ប្តូរបច្ចេកវិទ្យានៃឧស្សាហកម្មយានយន្តក្នុងប្រទេសរបស់យើង មានសម្ទុះកើនឡើងខ្លាំង ដែលតម្រូវឱ្យអ្នកជួសជុលត្រូវមានចំណេះដឹងនិងជំនាញថ្មី» សម្រាប់ផ្តល់សេវាដល់អ្នកប្រើប្រាស់។

ការជួសជុល EV ទាមទារជំនាញថ្មី
លោក សូ ភីរ៉ាត់ និស្សិតផ្នែកមេកានិករថយន្តនៅសាកលវិទ្យាល័យពហុបច្ចេកទេសកម្ពុជា និងធ្លាប់បម្រើការងារនៅក្រុមហ៊ុនលក់រថយន្តអគ្គិសនីឯកជនមួយ បានឱ្យដឹងថា រថយន្តអគ្គិសនីមានរចនាសម្ព័ន្ធ និងប្រព័ន្ធដំណើរការខុសពីរថយន្តប្រើប្រេងឥន្ធនៈស្ទើរតែទាំងស្រុង។
លោកបានពន្យល់ថា ខុសពីរថយន្តប្រើប្រេងឥន្ធនៈដែលពឹងផ្អែកលើម៉ាស៊ីនចំហេះ និងប្រព័ន្ធមេកានិកជាចម្បង រថយន្តអគ្គិសនីដំណើរការដោយកញ្ចប់ថ្មវ៉ុលខ្ពស់, ម៉ូទ័រអគ្គិសនី, ប្រព័ន្ធគ្រប់គ្រងថ្ម, ប្រព័ន្ធបំប្លែងចរន្ត, និងកម្មវិធីគ្រប់គ្រង ដែលសុទ្ធតែទាមទារជំនាញបច្ចេកទេសឯកទេស។ ដោយសារប្រព័ន្ធទាំងនេះដំណើរការក្រោមតង់ស្យុងខ្ពស់ ការជួសជុលត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ ជាងជួសជុលមិនអាចពឹងលើបទពិសោធន៍ផ្នែកមេកានិកតែមួយមុខបានទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអគ្គិសនី, អេឡិចត្រូនិក, និងការប្រើប្រាស់ឧបករណ៍ស្កេនកុំព្យូទ័រ ដើម្បីវិភាគ និងដោះស្រាយបញ្ហាបច្ចេកទេស។
លោក ភីរ៉ាត់ បាននិយាយថា កង្វះអ្នកជំនាញលើប្រព័ន្ធទាំងនេះ គឺជាមូលហេតុសំខាន់មួយដែលធ្វើឱ្យយានដ្ឋានជាច្រើននៅកម្ពុជាមិនទាន់អាចផ្តល់សេវាជួសជុលរថយន្តអគ្គិសនីបាន។
ក្នុងអំឡុងពេលធ្វើការនៅក្រុមហ៊ុនលក់រថយន្តអគ្គិសនីមួយ លោកបានសង្កេតឃើញថា អតិថិជនជាច្រើនមិនត្រឹមតែបារម្ភអំពីការជួសជុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចម្ងល់អំពីអាយុកាលថ្ម, ការថែទាំរយៈពេលវែង, និងការស្វែងរកគ្រឿងបន្លាស់ ជាពិសេសសម្រាប់រថយន្តដែលនាំចូលតាមអ្នកនាំចូលឯករាជ្យ។
លោកបន្ថែមថា បញ្ហាប្រឈមមួយទៀតគឺការសាកថ្មនៅផ្ទះ និងភាពខុសគ្នានៃប្រព័ន្ធស្ថានីយសាកសាធារណៈ ដែលនៅមិនទាន់ប្រើស្តង់ដារួមដូចគ្នា ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ត្រូវប្រើកម្មវិធីផ្សេងៗទៅតាមក្រុមហ៊ុនផ្តល់ សេវានីមួយៗ។
លោកយល់ថា ប្រសិនបើកម្ពុជាចង់ឱ្យការប្រើប្រាស់រថយន្តអគ្គិសនីរីកចម្រើនប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលអ្នកបច្ចេកទេស និងការវិនិយោគលើឧបករណ៍ជួសជុល គួរតែដើរទន្ទឹមគ្នាជាមួយកំណើននៃចំនួនរថយន្តនៅលើដងផ្លូវ។
ចំណេញថ្លៃប្រើប្រាស់ ប៉ុន្តែបារម្ភពីការថែទាំ
បើទោះបីជាពួកគេទទួលស្គាល់ថា រថយន្តអគ្គិសនីជួយកាត់បន្ថយការចំណាយ និងផ្តល់បទពិសោធន៍បើកបរល្អជាងរថយន្តប្រើប្រេងឥន្ធនៈក៏ដោយ ក៏ការជួសជុល និងការថែទាំរយៈពេលវែងនៅតែជាសំណួរដែលម្ចាស់រថយន្តច្រើនអ្នកមិនទាន់មានចម្លើយ។
លោក មុទិតា ម្ចាស់រថយន្តអគ្គិសនីម៉ាក Xpeng G6 បាននិយាយថា លោកសម្រេចចិត្តទិញរថយន្តប្រភេទនេះ ដោយសារចង់សាកល្បងបច្ចេកវិទ្យាថ្មី និងរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោកបានឱ្យដឹងថា ការចំណាយលើថាមពល គឺជាអត្ថប្រយោជន៍ដែលលោកអាចមើលឃើញភ្លាមៗ។ លោកចំណាយថ្លៃសាកថ្មប្រមាណ ១៦ ០០០ ដល់ ២០ ០០០ រៀល សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ធៀបទៅនឹងចំណាយពី ៣០ ០០០ ដល់ ៤៥ ០០០ រៀល លើរថយន្តប្រើប្រេងឥន្ធនៈ សម្រាប់ចម្ងាយដូចគ្នា អាស្រ័យលើតម្លៃប្រេង និងប្រភេទរថយន្ត។ នេះមានន័យថា ការប្រើប្រាស់រថយន្តអគ្គិសនីអាចសន្សំសំចៃការចំណាយលើថាមពលបានប្រហែល ៥០ ភាគរយ ក្នុងការធ្វើដំណើររៀងរាល់ ១០០ គីឡូម៉ែត្រ។
ប៉ុន្តែ លោកនិយាយថា នៅពីអត្ថប្រយោជន៍នេះ ក្តីបារម្ភអំពីការជួសជុលនៅតែមាន។
លោក មុទិតា និយាយថា៖ «ខ្ញុំគិតថា វានៅតែពិបាកក្នុងការស្វែងរកកន្លែងជួសជុលរថយន្តអគ្គិសនីដែលអាចទុកចិត្តបាននៅកម្ពុជា។ ទោះបីជាចំនួនរថយន្តអគ្គិសនីកំពុងកើនឡើងក៏ដោយ ក៏មជ្ឈមណ្ឌលជួសជុលដែលមានជំនាញជាក់លាក់នៅមានចំនួនកំណត់នៅឡើយ»។
លោកបានបន្ថែមថា គ្រឿងបន្លាស់ ជាពិសេសសម្រាប់ម៉ាករថយន្តថ្មីៗ ជាបញ្ហាប្រឈមធំ។ ក្នុងករណីខ្លះ គ្រឿងបន្លាស់ត្រូវបញ្ជាទិញពីបរទេស ដែលធ្វើឱ្យការជួសជុលត្រូវចំណាយពេលយូរ និងមានតម្លៃថ្លៃជាងការរំពឹងទុក។
អ្វីដែលកាន់តែបារម្ភខ្លាំងទៀតនោះគឺនៅពេលធ្វើដំណើរផ្លូវឆ្ងាយ។ លោកមានប្រសាសន៍ថា ប្រសិនបើរថយន្តខូចនៅតាមផ្លូវទៅខេត្ត ឬត្រូវការជួសជុលធំៗ វានឹងពិបាកណាស់ ព្រោះនៅតាមបណ្តាខេត្តស្ទើរតែមិនទាន់មានជាងដែលអាចជួសជុល ឬប្តូរគ្រឿងបន្លាស់រថយន្តអគ្គិសនីបានទេ។
ម្ចាស់រថយន្តអគ្គិសនីម្នាក់ទៀត គឺលោក ហេង វឌ្ឍនៈ ដែលប្រើប្រាស់រថយន្តម៉ាក BYD បានលើកឡើងស្រដៀងគ្នាថា រថយន្តអគ្គិសនីជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងផ្តល់បទពិសោធន៍បើកបរដែលស្ងប់ស្ងាត់ជាងរថយន្តប្រើប្រេងឥន្ធនៈ។
ទោះជាយ៉ាងណា លោកសង្កេតឃើញថា សេវាកម្មជួសជុលនៅមានកម្រិត ជាពិសេសនៅតាមបណ្តាខេត្ត។ បច្ចុប្បន្ន អ្នកប្រើប្រាស់ភាគច្រើននៅតែពឹងផ្អែកលើមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ក្រុមហ៊ុននាំចូល ដែលមានអ្នកបច្ចេកទេសឯកទេស និងឧបករណ៍សមស្រប។
សម្រាប់លោកវឌ្ឍនៈ ក្តីបារម្ភមួយទៀតគឺសុខភាពថ្ម និងថ្លៃជំនួសថ្មនាពេលអនាគត។ ដោយសារលោកតែងតែបើកបរចម្ងាយឆ្ងាយ លោកកត់សម្គាល់ឃើញថា សមត្ថភាពថ្មហាក់ដូចជាធ្លាក់ចុះបន្តិចម្តងៗ ដែលធ្វើឱ្យលោកបារម្ភថាអាចនឹងត្រូវចំណាយធំទៅលើការផ្លាស់ថ្មដាក់ថ្មី នៅពេលការធានារបស់ក្រុមហ៊ុនផលិតផុតអាយុកាលរបស់វា។

រដ្ឋាភិបាលពន្លឿនគោលនយោបាយ
នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤–២០៣០» ក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយការបំពុលបរិស្ថាន ពង្រឹងសន្តិសុខថាមពល និងតម្រង់ទិសការអភិវឌ្ឍឧស្សាហកម្មយានយន្តរបស់កម្ពុជាទៅរកសេដ្ឋកិច្ចបៃតង។
តាមគោលនយោបាយនេះ កម្ពុជាកំណត់គោលដៅឱ្យមានយានយន្តអគ្គិសនីជិត ៨០០ ០០០គ្រឿង នៅឆ្នាំ២០៣០ ក្នុងនោះមានរថយន្តអគ្គិសនី ៣០ ០០០ គ្រឿង, ទោចក្រយានយន្តអគ្គិសនី ៧២០ ០០០ គ្រឿង, និងត្រីចក្រយានយន្តអគ្គិសនី ២០ ០០០ គ្រឿង។
យោងតាមការផ្សាយរបស់សារព័ត៌មាន Cambodianess កាលពីខែកក្កដាកន្លងទៅ, លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានយានយន្តដែលបានចុះបញ្ជីសរុបចំនួន ៨ ៤៦០ ៨៧៩ គ្រឿង។ ក្នុងនោះ មានយានយន្តអគ្គិសនីសរុប ១៩ ០២៩ គ្រឿង រួមមានរថយន្តអគ្គិសនី ១៤ ០៥៦ គ្រឿង, ម៉ូតូអគ្គិសនី ៤ ២៣២ គ្រឿង, និងកង់បីអគ្គិសនី ៧៤១ គ្រឿង។
ពង្រីកបណ្តាញសាកថ្ម និងបណ្តុះបណ្តាលអ្នកជំនាញ
យោងតាមសារពត៌មាន AKP ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រោងវិនិយោគយ៉ាងហោចណាស់ ១០ លានដុល្លារអាម៉េរិក ដើម្បីពង្រីកបណ្តាញស្ថានីយសាកថ្មទូទាំងប្រទេស ដោយប្រគល់ភារកិច្ចឱ្យអគ្គិសនីកម្ពុជា (EDC) ដឹកនាំការអនុវត្តគម្រោងនេះ។ រដ្ឋាភិបាលបានអនុម័តលើការសាងសង់ស្ថានីយសាកថ្មជាង ១៧០កន្លែង រួចហើយ និងកំពុងបន្តគាំទ្រការចូលរួមពីវិស័យឯកជនក្នុងការពង្រីកបណ្តាញសាកថ្ម។
ទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធដែលមាននៅមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតប នឹងតម្រូវការនាពេលអនាគតនៅឡើយ។ ដូច្នេះ រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយសាកថ្មល្បឿនលឿន (High-voltage Fast Charging Stations) តាមបណ្តោយផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ តំបន់សេដ្ឋកិច្ច និងមជ្ឈមណ្ឌលដឹកជញ្ជូនធំៗ។
ប៉ុន្តែ ការអភិវឌ្ឍធនធានមនុស្សក៏ត្រូវដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រកំណើនរបស់វិស័យនេះផងដែរ។
កាលពីថ្ងៃទី ១៥–១៧ ខែមិថុនា ឆ្នាំ២០២៦ អង្គការពលកម្មអន្តរជាតិ (ILO) សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្តីពីការថែទាំរថយន្តថាមពលថ្មី (Advanced NEV Maintenance) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ។ គ្រូបណ្តុះបណ្តាលចំនួន ៣០ នាក់ មកពីស្ថាប័នអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យឧស្សាហកម្ម បានចូលរួមក្នុងកម្មវិធីនេះ ដែលផ្តោតលើបច្ចេកវិទ្យាសាកថ្មឆ្លាតវៃ និងបច្ចេកទេសជួសជុលទំនើបផ្សេងៗ ក្រោមការបង្រៀនរបស់អ្នកជំនាញមកពី Beijing Industrial Technician College (BITC) ប្រទេសចិន។
យោងតាមការសិក្សារបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចុះផ្សាយដោយអង្គការពលកម្មអន្តរជាតិ(ILO) សហគ្រាសជាងបីភាគបួនដែលបានចូលរួមស្ទង់មតិ បានឱ្យដឹងថា មានតម្រូវការខ្ពស់ ឬខ្ពស់ខ្លាំង ចំពោះជំនាញពាក់ព័ន្ធនឹងរថយន្តថាមពលថ្មី ដែលបង្ហាញថា ការអភិវឌ្ឍអ្នកឯកទេស កំពុងក្លាយជាបញ្ហាបន្ទាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ នៅកម្ពុជា។



